ព័ត៌មាន
ក្រសួងការបរទេសលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅប្រទេសនូវែលសេឡង់
តបតាមការអញ្ជើញរបស់ឯកឧត្តម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសនូវែលសេឡង់ ពីថ្ងៃទី១២ ដល់ ១៣ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសទស្សនកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមអាហារការងារពេលព្រឹក និងមានជំនួបទ្វេភាគីជាមួយឯកឧត្តម វីនស្តុន ភីធីរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាប្រកប ដោយផ្លែផ្កា លើការពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីកង្វល់រួម។
កិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខ : ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងនូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងបន្ថែមទៀតរវាងកម្ពុជា និងនូវែលសេឡង់។ ភាគីទាំងពីរបាន កត់សម្គាល់ដោយពេញចិត្តចំពោះការបន្តផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី ទាំងពីរ ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ : ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានស្វាគមន៍ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីនៅប៉ុន្មានឆ្នាំចុង ក្រោយនេះ និងបានទទួលស្គាល់ថា មានសក្តានុពលជាច្រើនសម្រាប់ការពង្រីកកិច្ចសហប្រតិបតិការសេដ្ឋកិច្ចបន្ថែមទៀត។ ភាគីទាំងពីរ បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធ និងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ធ្វើការជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ។ កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នូវែលសេឡង់ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ ដល់កម្ពុជាលើការគោរ បោសសម្អាតមីន។
ការអប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ដែលជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី។ ឯកឧត្តម ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនូវែលសេឡង់ ដែលបានបន្តការគាំទ្រអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងបានសន្យាបង្កើនចំនួនអាហារូបករណ៍ តាមរយៈកម្មវិធី Manaaki New Zealand Scholarships កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់មន្ត្រីរាជការ និងកម្មវិធីបណ្តុះបណ្តាលផ្សេងៗទៀតសម្រាប់ មន្ត្រីកម្ពុជា។
កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តសភាពការណ៍តំបន់ និងអន្តរជាតិ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរួម ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ឯកឧត្តម ប្រាក់ សុខុន បានស្វាគមន៍ការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-នូវែលសេឡង់ ទៅជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២៥ និងបានគូសបញ្ជាក់ពីការគាំទ្រដ៏មុតមាំរបស់កម្ពុជា ដើម្បី ពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការអាស៊ាន-នូវែលសេឡង់ ក្នុងវិស័យនានា ដូចជាការធ្វើសមាហរណកម្ម សេដ្ឋកិច្ច តាមរយៈការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) និងការបន្សំគ្នាជាមួយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ពាក់ព័ន្ធនឹងសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិភាក្សាយ៉ាង ស៊ីជម្រៅជាមួយ ឯកឧត្តម វិនស្តុន ភីធឺរ អំពីការវិវត្តថ្មីៗ និងបានថ្លែងអំណរគុណនូវែលសេឡង់ ចំពោះ ការគាំទ្រដល់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន ក៏បានអញ្ជើញជួបសហគមន៍ខ្មែរ និង និស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសនូវែលសេឡង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចូលរួមដ៏មានអត្ថន័យរបស់ប្រជាពលរដ្ឋខ្មែរក្នុងសង្គមពហុវប្បធម៌របស់ នូវែលសេឡង់។
ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលនូវែល- សេឡង់ និងឯកឧត្តម វីនស្តុន ភីធឺរ ដែលបានរៀបចំទទួលដ៏ល្អ និងផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចនេះ។ ភាគីទាំងពីរបាន សម្តែងនូវការជឿជាក់ថា ទស្សនកិច្ចនេះនឹងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ ទៅវិញទៅមកបន្ថែមទៀតរវាងកម្ពុជា និងនូវែលសេឡង់។




-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ