កីឡា
ជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងនៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រយៈពេល២ថ្ងៃពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦ត្រូវបានអ្នកជំនាញគុនល្បុក្កតោចាត់ទុកថាជាការជួបជុំរបស់អ្នកជំនាន់ក្រោយនេះ ដើម្បីបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នូវក្បាច់គុនព្រឹលឹងវប្បធម៌ខ្មែរមួយនេះឱ្យរស់នៅជានិច្ច។

នេះជាការលើកឡើងរបស់អ្នកជំនាញ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅក្នុងពិធីបើកជាផ្លូវការ ការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត សេង ប៊ុនសុង ប្រឹក្សាជាន់ខ្ពស់ គណៈកម្មាធិការជាតិអូឡាំពិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក អ៊ួ តារា គូសបញ្ជាក់បន្ថែមថា ការជួបជុំគ្នា ក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិនេះ គឺជាការជួបជុំរបស់អ្នកជំនាន់ក្រោយ ដែលទទួលបានការបំពាក់បំប៉នពីលោកគ្រូព្រឹទ្ធាចារ្យចាស់ៗក្នុងគោលជំហរទាំងគំនិតប្រាជ្ញាស្មារតី មនសិការ ឆន្ទៈគ្រប់បែបយ៉ាង ដើម្បីជំរុញឱ្យយើងបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរមួយនេះឱ្យរស់នៅជានិច្ច បើទោះបីជាចាស់ៗព្រឹទ្ធាចារ្យគុនល្បុក្កតោបានលាចាកលោកទៅហើយ ជាពិសេសលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលទើបទទួលមរណៈភាពកាលពីឆ្នាំ២០២៥។
ជាមួយនេះដែរ លោកបណ្ឌិត សេង ប៊ុនសុង បានលើកទឹកចិត្តដល់គ្រូបង្វឹកនៅគ្រប់សាលាគុន កីឡាករ កីឡាការិនីគុនល្បុក្កតោទាំងអស់បន្តការខិតខំបង្វឹក និងហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំ ដើម្បីបន្តដុសខាត់សមត្ថភាពគុណភាពបច្ចេកទេសក្បាច់គុនអត្តសញ្ញាណជាតិខ្មែរមួយនេះឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីដណ្តើមមេដាយជូនសាលាគុន និងខ្លួនឯង។ ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យកីឡាករ កីឡាការិនីគុនល្បុក្កតោរក្សា និងចូលរួមចំណែកអភិរក្ស និងអភិវឌ្ឍគុណតម្លៃនៃក្បាច់គុនដូនតាខ្មែរបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗបន្តទៅមុខទៀត។
សូមបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដំណើរការប្រកួតរយៈពេល២ថ្ងៃ ដោយរៀបចំប្រកួតលើ១២វិញ្ញាសា និងមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ២២៤នាក់ មកពី២៥សាលាគុននៃ៩រាជធានី-ខេត្ត៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច