Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បង្ហាញពីវឌ្ឍនភាពការងារអភិវឌ្ឍន៍ជនបទ​ជូនរដ្ឋសភា​នីតិកាលទី៧

នៅព្រឹកថៃ្ងទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បាន​អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកជួបពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី៣ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផល​នៃ​ការ​អនុវត្តន៍​ផែនការយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។

កិច្ចជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣ នៃរដ្ឋសភា ជាមួយក្រសួងអភិវឌ្ឍន៍ជនបទ បាន​ធ្វើ​ឡើង​នៅ​សាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក​ជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើ​ឡើង​ក្នុង​គោល​បំណង​សិក្សាស្វែងយល់នូវវិស័យការងារ​ដែល​ជាសមត្ថកិច្ច​ទទួល​ខុស​ត្រូវ​របស់​គណៈកម្មការ​ទី៣ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បី​ជំរុញ​ការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា ឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បាន​មាន​ប្រសាសន៍​ជម្រាប​​ជូន​គណៈកម្មការ​ជំនាញ​ទាំង​១០ នៃរដ្ឋសភាថា ក្រសួងអភិវឌ្ឍន៍ជនបទ បាន និងកំពុងបំពេញបេសកកម្មយ៉ាងសកម្ម ក្នុង​គោល​ដៅអភិវឌ្ឍន៍តំបន់ជនបទ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើក​កម្ពស់​ជីវភាព​ប្រជាជន ព្រមទាំងកសាងសង្គមជនបទ ឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផា​សុខភាព និងសុភមង្គល ។ ជាមួយនឹងបេសកកម្មដ៏មុតស្រួចរបស់ក្រសួង ថ្នាក់ដឹក​នាំ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានដាក់ចេញនូវចក្ខុវិស័យគន្លឹះ គឺ “លើកកម្ពស់គុណភាព និងគុណតម្លៃ​ជីវិត​ប្រជាជន​នៅ​តំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដោយ​បាន​កំណត់​យកកម្មវិធីអាទិភាពចំនួន៤ សម្រាប់ធ្វើការវិនិយោគ រួមមាន៖ ១-ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត និងគមនាគមន៍ ២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ច​ការ​ទូទៅ​។​ កម្មវិធីអាទិភាពទាំង៤ របស់ក្រសួងខាងលើនេះ គឺជាធាតុផ្សំ​ដ៏ចាំបាច់​ក្នុង​ការ​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ដែលមានបាវចនា៥ គឺ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយ​បាន​កំណត់​យក​អាទិភាពគន្លឹះចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅ​បន្ត​បេសកកម្ម​ថែរក្សាសន្តិភាព និង អភិវឌ្ឍប្រទេសជាតិជាប្រវត្តិសាស្ត្រ ឆ្ពោះទៅសម្រេច​បាន​ចក្ខុ​វិស័យ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ២០៥០”។

ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថាក្នុងរយៈពេល ១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់​ខែ​មិថុនា ឆ្នាំ២០២៤នេះ ក្រសួងបានអនុវត្តកម្មវិធីទាំង៤ ប្រកបដោយការយកចិត្តទុកដាក់ និង​សម្រេច​បាន​លទ្ធផលជាច្រើនដូចខាងក្រោម៖ កម្មវិធីទី១: ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និង​គមនាគមន៍ ក្រសួងបាន និងកំពុងផ្តោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​ស្ថាបនា​ផ្លូវ​ជន​បទ ដោយគិតគូរពីភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ​ការ​លើក​កម្រិត​គុណភាព​ពី​ផ្លូវ​ដីស ផ្លូវល្បាយគ្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង ដើម្បីប​ង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយការចំណាយ​លើ​ការ​ដឹក​ជញ្ជូន​សម្ភារ​ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈ ដោយ​ទទួលបាននូវលទ្ធផលដូចខាងក្រោម៖ – បានថែទាំ និងជួសជុលផ្លូវជនបទ ប្រវែង ៣.៤៦១គ.ម – បានស្ថាបនា និងកែលម្អផ្លូវជនបទ ប្រវែងសរុប ១.០០៧គ.ម – បានសាង​សង់​សំណង់​សិល្ប​ការ្យ ចំនួន ៤៧៨កន្លែង ។ កម្មវិធីទី២: ការកែលម្អលក្ខខណ្ឌ​នៃ​ការរស់​នៅ​របស់​សហគមន៍​ជនបទ ក្រសួងបាន និងកំពុងផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតជនបទ និងអនាម័យជនបទ តាម​រយៈការជីក និងស្តារស្រះសហគមន៍ ខួងអណ្តូងស្នប់ ផ្តល់ពាងយក្ស សាងសង់​អាង​ត្រង​ទឹក​ភ្លៀង សាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់សហគមន៍ខ្នាតតូច សាងសង់​ស្ថានីយ៍​ផលិត​ទឹកស្អាត​សហគមន៍ ផ្តល់ចុងចម្លោះទឹកស្អាត សាងសង់បង្គន់អនាម័យ និងអប់រំអំពីអនាម័យ និង​ការ​សម្អាត ។ កម្មវិធីទី៣: ការងារពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ជន​បទ​ជាចំណែកមួយក្នុងការបង្កើនឱកាសការងារ និងកាត់បន្ថយការធ្វើចំណាកស្រុក ស្ថានភាព​រស់​នៅ​ឱ្យ​បានល្អប្រសើរ ។ ទន្ទឹមគ្នានេះ ការអភិវឌ្ឍន៍ និងការអភិរក្ស​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ក្រសួងក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ស្រប​តាម​គោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដោយគោរពនូវសេចក្តីថ្លៃថ្នូរ អត្ត​សញ្ញាណវប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីរបស់ជនជាតិដើមភាគតិចនីមួយៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីទី៤: ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ៖ – បានបញ្ចប់ការវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ – បានបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤-២០២៨ – បានបញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០២៤-២០២៦ – បានបញ្ចប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២៥-២០២៧ បាន និងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៨ -បានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងវិស័យអភិវឌ្ឍន៍ជនបទ ចំនួន ២វគ្គ – បន្តអនុវត្តកម្មវិធីកំណែទម្រង់ចំនួន៣ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ -បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ – បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ – បាននិងកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា សមិទ្ធផលជាច្រើនដែលប្រសូត្រចេញពីការអនុវត្តន៍កម្មវិធីទាំង៤ ខាងលើ បានឆ្លុះបញ្ចាំងពីកិច្ច ខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ចំពោះរាជរដ្ឋាភិបាល នៅក្នុងគោលដៅលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាជនជនបទ ឱ្យបានល្អប្រសើរជាលំដាប់ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាចំណែកដ៏ចាំបាច់ក្នុងការគាំទ្រដល់ការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។

ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍របស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រួចមក ឯកឧត្តម​សន្តិ​បណ្ឌិត ឡូយ សុផាត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបាន​ឆ្លើយ​បំភ្លឺ​បញ្ជាក់​បន្ថែម​លើចម្ងល់ និងចំណាប់អារម្មណ៍របស់តំណាងរាស្រ្ត នៅក្នុងអាណត្តិទី៧នេះ និ​ង​សូម​កោត​សរសើរ ព្រមទាំងវាយតម្លៃខ្ពស់​ចំពោះការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ហើយ​ឯកឧត្តមមានជំនឿជឿជាក់ថា ឯកឧត្តមរដ្ឋមន្រ្តី ពិតជាមាន​សមត្ថភាព​​ដឹកនាំ​ស្ថាប័ន​នេះ​ឱ្យ​ទទួល​បាននូវវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល ដែលដឹកនាំ​ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែល​សុទ្ធ​សឹងតែជាថ្នាក់ដឹកនាំវ័យក្មេង ប្រកប​ដោយថាមពល និង​ចំណេះ​ដឹងខ្ពស់ ជាពិសេស ការ​សម្រេច​នូវចក្ខុវិស័យក្នុងការប្រកប​ដោយភាព​ពេញលេញ ច្បាស់​លាស់ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ៕

អត្ថបទ: BTV NEWS

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia