Connect with us

ព័ត៌មាន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ៥ខ្នង ក្នុងខេត្តព្រះវិហារ

នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា​ចំនួន ​៥ខ្នង ២១បន្ទប់ និងសមិទ្ធផលនានានៅខេត្តព្រះវិហារ ក្រោមជំនួយ​របស់​អង្គការ​ទស្សនៈ​ពិភព​លោក (World Vision) ដែលប្រព្រឹត្តទៅ ក្នុងបរិវេណសាលាបឋមសិក្សាសំបូរ នៅខេត្ត​ព្រះវិហារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, ថ្នាក់ដឹកនាំ អង្គការទស្សនៈពិភពលោកអន្តរជាតិ និងប្រចាំកម្ពុជា, លោក នាយកប្រចាំប្រទេសនៃអង្គការ អេដ អេ អាក់ ស្យុង អន្តរជាតិប្រចាំនៅកម្ពុជា (AEA) ប្រធានមន្ទីរអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស។

ពិធីសម្ពោធអគារសិក្សាចំនួន ៥ខ្នង ២១បន្ទប់នេះ រួមមានអគារសិក្សា នៅសាលាបឋមសិក្សាសំបូរ បឋមសិក្សារំដោះ បឋមសិក្សាបង្កន បឋមសិក្សាអូរក្សាន្ត និងបឋមសិក្សាកំប្រាក់ ក្នុងខេត្តព្រះវិហារ ដែលឧបត្ថម្ភមូលនិធិនិងគាំទ្រសាងសង់ដោយ អង្គការទស្សនៈពិភពលោក រដ្ឋបាលខេត្តព្រះវិហារ មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងខេត្តព្រះវិហារ។

បន្ទាប់ពីស្តាប់មតិស្វាគមន៍របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និង របាយការណ៍សាងសង់ដោយលោកស្រី តេររសា អាន់ ហ៊ូរ៉ារី នាយកប្រចាំតំបន់អាស៊ីខាងកើត នៃអង្គការ ទស្សនៈពិភពលោកអន្តរជាតិ រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយ ចូលរួមអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មីចំនួន ៥ខ្នង ២១បន្ទប់ និងសមិទ្ធផលនានាជាច្រើន ដោយគូសរំលេចថា សមិទ្ធផលថ្ងៃនេះ ពិតជាបានឆ្លុះបញ្ចាំងពីតួនាទីដ៏មានសារៈសំខាន់របស់ដៃគូអភិវឌ្ឍន៍ និងសហគមន៍មូលដ្ឋានដែលបានរួមគ្នាអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើឱ្យកុមារគ្រប់រូប ជាពិសេស កុមារដែលរស់នៅទីជនបទដាច់ស្រយាល មានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងទទួលបានអារម្មណ៍កក់ក្តៅចេញពីសហគមន៍មូលដ្ឋាន។ សមិទ្ធផលនេះពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ ព្រមទាំងបង្ហាញអំពីឆន្ទៈរួមគ្នាលើការអនុវត្តនូវវិធានការគន្លឹះ៤ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ជាពិសេស វិធានការគន្លឹះទី ៤ (ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ)។

បច្ចុប្បន្ន ក្រសួងបាននិងកំពុងជំរុញការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅកម្រិតបឋមសិក្សា តាមរយៈការដាក់ចេញកម្មវិធីបំប៉នសមត្ថភាពគ្រូបង្រៀនចាប់ពីថ្នាក់ថ្នាក់ទី១ ទី២ និងទី៣ និងកម្មវិធីបណ្តុះបណ្តាលគរុសិស្សលើការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងសម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ដែលជាកត្តាចាំបាច់បំផុតសម្រាប់គុណវុឌ្ឍិគ្រូបង្រៀន ដើម្បីពង្រឹងប្រសិទ្ធភាពនៃការរៀន និងបង្រៀន ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សបន្ថែមទៀត ដោយធានាកុមារកម្ពុជាចេះអាន សរសេរ និងគិតលេខទាំងអស់គ្នា។ នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយជាសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ក៏ដូចជាសម្ភារៈសិក្សាប្រគល់ជូនទៅតំណាងសហគមន៍ និងសាលារៀន ដើម្បីបែងចែកបន្តទៅដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

សូមយកឱកាសនេះ ដាក់ចេញអនុសាសន៍ចំនួន ៤ ចំណុច ដើម្បីលើកកម្ពស់គុណភាពការអប់រំ នៅកម្រិតបឋមសិក្សា ដូចខាងក្រោម៖

១) ខិតខំកសាង «បណ្តាញគ្រូបង្រៀនល្អ-នាយកល្អ តាមស្រុកខេត្ត» ឱ្យបានរឹងមាំ ដើម្បីលើកទឹកចិត្តដល់ការផ្លាស់ប្តូរបទពិសោធឧត្តមានុវត្តន៍ និងការដោះស្រាយបញ្ហាប្រឈមប្រកបដោយទស្សនច្នៃប្រឌិត លើការងារដឹកនាំគ្រប់គ្រងសាលារៀន និងវិធីសាស្ត្របង្រៀនថ្មីៗ។

២) ជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ដៃគូអភិវឌ្ឍ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍» ដើម្បីការអប់រំនៅក្នុងមូលដ្ឋាន។

៣) បន្តកសាងប្រព័ន្ធលើកទឹកចិត្តនៅថ្នាក់ក្រោមជាតិ ដើម្បីលើកទឹកចិត្តដល់គ្រូល្អ នាយកល្អនៅតាមសាលារៀនក្នុងតំបន់របស់ខ្លួន។

៤) ក្រសួងនឹងនៅតែបន្តជំរុញ និងពង្រឹងភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធជាមួយសាលានៅតាមព្រំដែន ដើម្បីផ្ដល់អាទិភាព និងឱកាសដល់ការអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យមានភាពរីកចម្រើន។ ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះវិហារដែលជាអាណាព្យាបាល សូមចូលរួមសម្របសម្រួល និងគាំទ្រ បន្ថែម ដើម្បីធានាការអនុវត្តអនុស្សរណៈនៃយោគយល់គ្នានេះ ឱ្យមានប្រសិទ្ធភាពផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia