Connect with us

ព័ត៌មាន

សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក សហការជាមួយអាជ្ញាធរខេត្តកណ្ដាលបន្តពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតថ្លៃ

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតថ្លៃ ស្ថិតនៅវត្តសុវណ្ណវតី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានអ្នកចូលរួមពីអាជ្ញាធរខេត្តកណ្ដាល ក្រុមគ្រូពេទ្យមកពីប្រទេសចិន និងប្រជាពលរដ្ឋសរុបប្រមាណ១ពាន់។

នៅក្នុងកម្មវិធី ឯកឧត្តមបណ្ឌិត ហេង សុខគង់ មានប្រសាសន៍ដែរថា ការពិនិត្យ និងព្យាបាល​ជំងឺនៅពេលនេះ មានចំនួន១៨សេវាកម្ម ដែលក្នុងនោះរួមមាន៖ជំងឺទូទៅ បេះដូង ក្រពះ ភ្នែក និងជំងឺស្បែកជាដើម។ឯកឧត្តមបន្តថា តាមការសង្កេត បច្ចុប្បន្នសុខភាពប្រជាពលរដ្ឋ មានភាពល្អច្រើន ដោយរាជរដ្ឋាភិបាល មានគោលនយោបាយច្បាស់លាស់។

ក្រុមគ្រូពេទ្យមកពីប្រទេសចិន បានលើកឡើងដែរថា ថ្ងៃនេះមានអារម្មណ៍រីករាយដែលបានចូលរួមជាមួយសម្ព័ន្ឋគ្រូពេទ្យសហភាពសហពន្ធយុវជនកម្ពុជា ក្នុងការពិនិត្យ និងព្យាបាលជូនជំងឺជូនពលរដ្ឋកម្ពុជា។លើសពីនេះ ក្រុមគ្រូពេទ្យទាំងនោះនឹងបន្តចែករំលែកបទពិសោធន៍ពីការថែទាំ និងព្យាបាលជំងឺដល់គ្រូពេទ្យកម្ពុជាផងដែរ។

ប្រជាពលរដ្ឋ បានបង្ហាញអារម្មណ៍រីករាយ ដែលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានចុះមកពិនិត្យជំងឺ និងព្យាបាលជំងឺនៅមូលដ្ឋានដោយគិតថ្លៃ។ ការព្យាបាលនេះ បានចូលរួមចំណែកកាត់បន្ថយការចំណាយបានមួយកំរិត និងសុខភាពល្អជាងមុន។

គួរបញ្ជាក់ដែរថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដោយគិតត្រឹមខែមីនាឆ្នាំ២០២៦នេះ ក្រុមគ្រូពេទ្យបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតគិតថ្លៃ នៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជាសរុបជិត១លាននាក់។អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia