ព័ត៌មាន
សាលារដ្ឋមួយចំនួន អនុវត្តការរៀនភាសាចិន ក្នុងម៉ោងសិក្សាភាសាបរទេសបន្ថែម
គ្រឹះស្ថានសិក្សារដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានចាប់ផ្ដើមអនុវត្តការបង្រៀនភាសាចិនដល់សិស្សរបស់ខ្លួន ខណៈការសិក្សាភាសាចិន នេះជាការសិក្សាក្នុងម៉ោងសិក្សាភាសាបរទេស ដែលសាលាផ្ដល់ជូនជាជម្រើសបន្ថែម ដើម្បីបង្កើនសមត្ថភាពសិក្សាភាសារបស់សិស្ស។

កម្មវិធីសិក្សារដ្ឋ បានកំណត់ភាសាអង់គ្លេស និងភាសាបារាំង ជាភាសាបរទេស ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចូលក្នុងកម្មវិធីសិក្សា។ ភាសាបរទេសទាំងពីរនេះ គឺមានបង្រៀនសម្រាប់សិស្សចាប់ពីថ្នាក់ទី ៤ឡើងទៅ។ ទន្ទឹមនឹងមានការបង្រៀនភាសាអង់គ្លេស និងភាសាបារាំងនេះ គ្រឹះស្ថានសិក្សារដ្ឋមួយចំនួន ក៏បានអនុវត្តការសិក្សាភាសាចិន ជាជម្រើសបន្ថែមសម្រាប់សិស្សរបស់ខ្លួនផងដែរ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការសិក្សាភាសាចិននេះ បច្ចុប្បន្នកំពុងអនុវត្តនៅមជ្ឈមណ្ឌលសិក្សាទំនើប ៨ទីតាំង និងមានការបង្រៀន នៅសាលារៀនគោលដៅចំនួន ២០ផ្សេងទៀត នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ទន្ទឹមគ្នានេះដែរ សាលារៀនជំនាន់ថ្មី ក៏កំពុងពិភាក្សា លើការផ្ដួចផ្ដើម ដាក់បន្ថែមការសិក្សាភាសាចិនផងដែរ។
លោក សូ ធី នាយកបឋមសិក្សាចតុមុខ បានលើកឡើងថា ការសិក្សាភាសាចិននេះ សម្រាប់មជ្ឈមណ្ឌលសិក្សាទំនើបក្នុងពេលបច្ចុប្បន្ន គឺកំពុងអនុវត្តសម្រាប់សិស្សចាប់ផ្ដើមតាំងពីថ្នាក់ទី ១មកម្លេះ។ លោកបន្តថា សាលាបានដាក់បន្ថែមភាសាចិន ជាចាំបាច់បន្ទាប់ពីភាសាអង់គ្លេស ហើយសាលាក៏បានបូកបន្ថែមថ្នាក់រ៉ូបូត ក៏ដូចជាកំព្យូទ័រ ដើម្បីបង្កើនសមត្ថភាពសិស្ស ឱ្យមានភាពរួចរាល់ មានភាពខ្លាំងសម្រាប់ការប្រកួតប្រជែងនាពេលអនាគត។
ចំពោះកុមារដែលកំពុងសិក្សាភាសាចិន ពួកគេក៏ពេញចិត្តនឹងសិក្សាភាសាបរទេសនេះដែរ។ កុមារប្រុសស្រីពីររូប កំពុងសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប ចតុមុខ លើកឡើងថា បច្ចុប្បន្នពួកគេអាចប្រើប្រាស់ទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ពួកគេមើលឃើញថា ការសិក្សាភាសាចិននឹងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពួកគេនៅពេលអនាគត។

សូមជម្រាបថា ការសិក្សាភាសាចិន នៅគ្រឹះស្ថានសិក្សារដ្ឋនេះ ជាជម្រើសភាសាបរទេសបន្ថែម។ បច្ចុប្បន្នភាសាបរទេស ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ក្នុងកម្មវិធីសិក្សារដ្ឋ គឺមានតែភាសាអង់គ្លេស និងភាសាបារាំងប៉ុណ្ណោះ។ សិស្សត្រូវរៀន ភាសាអង់គ្លេស ឬភាសាបារាំង ចាប់ផ្ដើមពីកម្រិតបឋមសិក្សា នៅថ្នាក់ទី ៤រហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ៕





អត្ថបទ៖ គឹម ហុក
-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា