ព័ត៌មាន
កម្ពុជាបន្តស្នើទៅថៃឱ្យរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារនៅលើដីជាក់ស្តែង
ភ្នំពេញ៖ កន្លងមក គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាច្រើនលើក ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេស របស់ គណៈកម្មការ JBC ប៉ុន្តែភាគីថៃ បានឆ្លើយតបដោយស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំ នីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាព JBC ថ្មីរបស់ខ្លួន ក្រោយពីគណៈរដ្ឋមន្ត្រីថៃថ្មី ត្រូវបានបង្កើតឡើង។
គណៈកម្មការ JBC ភាគីកម្ពុជា បានស្នើសាជាថ្មីទៅគណៈកម្មការ JBC ភាគីថៃ តាមរយៈកំណត់ទូត ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីរៀបចំកិច្ចប្រជុំពិសេសបន្ទាន់ JBC និងជំរុញឱ្យបន្តអនុវត្តការងារ នៅលើដីជាក់ស្តែងដែលភាគីទាំងពីរបានឯកភាពគ្នា នាពេលកន្លងមក ក្នុងខ្លឹមសារដូចខាងក្រោម៖
១៖ ស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ស្របតាមស្មារតីនៃកំណត់ហេតុ កិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី។
២៖ ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារវាស់វែង និង បោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រ ភូមិជោគជ័យនិងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោល ព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ស្របតាមការព្រមព្រៀងគ្នានាពេល កន្លងមក។
៣៖ ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។
៤៖ ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយ ចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), កំណាត់ខ្សែ ព្រំដែនចន្លោះបង្គោលព្រំដែនលេខ 14-17 (តំបន់អូរស្មាច់), តំបន់អានសេះ, តំបន់ថ្មដា និងតំបន់ព្រំដែនផ្សេងទៀត ស្របតាមស្មារតីនៃកថាខណ្ឌទី៣ និងកថាខណ្ឌទី៤ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
៥៖ ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយ ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតី នៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
៦៖ ស្នើរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែឧសភា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សូមបញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និង សាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ក្នុងការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពានកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃ និងការបន្តធ្វើសកម្មភាពរំលោភបំពាន លើបូរណភាពទឹកដីនិងអធិបតេយ្យ កម្ពុជា។
គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំង ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងអនាគត។
ទន្ទឹមនឹងនេះ គណៈកម្មការ JBC ភាគីកម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែន អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទីដែលជាលទ្ធផល នៃការងារ ខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែន ឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TORឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ