ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ដោយក្តីអាណិតអាសូរជាពន់ពេក មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់លោកយាយ ខៀវ អែង អាយុ ៨៨ឆ្នាំ ជាចាស់ជរាគ្មានទីពឹង រស់នៅភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងលោកតា ប៉ែន ប៉ុន អាយុ១០២ឆ្នាំ រស់នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំយកនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅរបស់លោកយាយ លោកតា។
លោកជំទាវ បានជម្រាបជូនលោកយាយលោកតា ថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែតាមដានជាប់ជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយបន្ទាប់ពីបានឃើញព័ត៌មានអំពីករណីដ៏លំបាកមួយរបស់លោកយាយខៀវ អែង រស់នៅតែម្នាក់ឯង, ឃើញលោកយាយមានសម្លៀកបំពាក់រហែករយាករយ៉ាក និងផ្ទះដែលលោកយាយរស់នៅមានសភាពចាស់ទ្រុឌទ្រោម ពេលភ្លៀងម្តងៗ មានលិចទឹកថែមទៀតនោះ ធ្វើឱ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានអារម្មណ៍ក្តុកក្តួល និងក្តីអាណិតអាសូរ យ៉ាងក្រៃលែង ហើយបានចាត់ឱ្យក្រុមការងារចុះភ្លាមៗដើម្បីជួយសម្រាលការលំបាកក្នុងជីវភាព និងជាការលើកទឹកចិត្តដល់លោកយាយផងដែរ»។
លោកជំទាវ ម៉ែន នារីសោភ័គ បានបន្តថាចំពោះករណីលោកតា ប៉ែន ប៉ុន ដែលមានអាយុ១០២ឆ្នាំ រស់នៅជាមួយកូនប្រសារស្រី និងចៅស្រីដែលមានជីវភាពលំបាកខ្លាំង ដោយកូនប្រុសបង្កើតលោកតាបានស្លាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ។ លោកតា ក៏ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាដូចគ្នា ហើយនេះជាលើកទី២របស់លោកតាផងដែរ។
លោកជំទាវបានឱ្យដឹងបន្តថា នេះជាសកម្មភាពមួយ ដែលកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានត្រូវតែយកចិត្តទុកដាក់ចំពោះចាស់ឥតទីពឹង ហើយ សម្តេច តែងតែណែនាំដល់កូនចៅនៅទៅតាមសាខា ក៏ដូចជាមន្ត្រីយើងទាំងអស់ឱ្យយកចិត្តទុកដាក់នៅតាមទីកន្លែងណាក៏ដោយ ឱ្យតែបានប្រទះ ឃើញគឺត្រូវតែធ្វើការដោះស្រាយ។
លោកជំទាវបន្ថែមថា «ការចុះសួរសុខទុក្ខដល់ចាស់ៗដែលឥតទីពឹង ដូចករណីនៅក្នុងថ្ងៃនេះ និងមានសកម្មភាពចុះទៅតាមមណ្ឌលកុមារកំព្រា ក៏ដូចជាសមាគមតន្ត្រីសំនៀងជនពិការ កន្លែងវិទ្យុ ទូរទស្សន៍អ្នកមានពិការភាពភ្នែក និងកុមារកំព្រាមួយចំនួនដែលយើងតែងតែធ្វើនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយក៏ជាផ្នែកមួយនៃយុទ្ធនាការនៅក្នុងការរកមូលនិធិក្នុងឱកាសទិវា ៨ ឧសភា ដើម្បីបង្ហាញជូនសប្បុរសជនថា ថវិកាដែលយើងបានទទួលពីសប្បុរសជន គឺតែងតែបានទៅដល់ដៃអ្នករងគ្រោះបំផុត»។
សូមបញ្ជាក់ថា អំណោយដែលជូនលោកតាលោកយាយនាឱកាសនេះរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ៥កេស, ត្រីខ ១កេស(មាន១០០កំប៉ុង), ឆៃពៅ ៣កំប៉ុង (ស្មើ៣គីឡូក្រាម), ប្រេងឆា ៣ដប(ស្មើ៣គីឡូក្រាម), ទឹកស៊ីអីវ ២យួរ(ស្មើ១២ដប), ភេសជ្ជះវីកូឡា ២កេស, ទឹកបរិសុទ្ធ ២កេស, កន្ទេល ២រាយ, ឃីត ២កញ្ចប់ និងថវិកា ៥០០.០០០រៀល ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។
បន្ទាប់ពីទទួលបានអំណោយមនុស្សធម៌ខាងលើ លោកតាលោកយាយ ទាំងពីរនាក់មានក្តីរំភើបរីករាយឥតឧបមា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរ និងលើកដៃប្រណមបួងសួងទេវត្តាឆ្នាំថ្មី តាមថែរក្សាមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារមានសុខភាពល្អ អាយុយឺនយូរ និងមានសុខសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់៕







-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន6 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន