ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌
នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងយុត្តិធម៌, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីតុលាការនៅតាមសាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស សរុបប្រមាណជិត ៣០០០ រូប។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធ Zoom ដើម្បីចូលរួមសន្សំសំចៃ និងកាត់បន្ថយជាអតិបរមានូវការចំណាយរបស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីលើការធ្វើដំណើរមកចូលរួមដោយផ្ទាល់ ក៏ដូចជា ដើម្បីអនុញ្ញាតឱ្យចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ដែលបម្រើការងារនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ អាចចូលរួមស្តាប់អំពីការផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាឱ្យបាននូវការឯកភាពគ្នា ទាំងលើគោលជំហរ ទាំងលើទស្សនៈ និងខ្លឹមសារ នៅក្នុងចំណោមចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីនៅតាមតុលាការទាំងអស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ថ្មីនេះ។
សូមគូសរំលេចជូនថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤២៦/០០៦ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។ ច្បាប់នេះមានគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។
ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសំណូមពរដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីទាំងអស់ ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈ៖
ទី១-ការផ្ដល់កិច្ចសហការពេញលេញ និងគ្រប់ជ្រុងជ្រោយដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំង ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់។
ទី២-ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងត្រូវត្រៀមលក្ខណៈ និងពង្រឹងតួនាទីគន្លឹះក្នុងការដឹកនាំ និងសម្របសម្រួលប្រតិបត្តិការ ប្រកបដោយភាពហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រឹមត្រូវស្របតាមច្បាប់ និងនីតិវិធីជាធរមាន។
ទី៣-ត្រូវពង្រឹងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាំងលើការផ្ដន្ទាទោសជនល្មើសឱ្យបានតឹងរ៉ឹង ទាំងលើការប្រមូល និងរឹបអូសទ្រព្យសម្បត្តិកើតចេញពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជារបៀបវារៈគោលនយោបាយ និងជាការប្ដេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។














-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣