ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សាទរចំពោះផ្លែផ្កានៃកិច្ចប្រជុំ«២+២» កម្ពុជា-ចិន ហើយបានសម្រេចឈានទៅដល់កម្រិតកិច្ចប្រជុំ«៣+៣» នាពេលខាងមុខទៀត
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានប្រកាសអបអរសាទរចំពោះ ផ្លែផ្កាដ៏ត្រចះត្រចង់ នៃកិច្ចសន្ទនាយុទ្ធសាស្រ្ត«២+២» លើកទី១ របស់រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និងចិន ហើយកិច្ចប្រជុំជាប្រវត្តិសាស្រ្តនេះបានឯកភាពគ្នាសម្រេចឈានដល់បើកកិច្ចប្រជុំ «៣+៣» នាពេលខាងមុខទៀតនោះ។

តាមបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា សូមចូលរួមអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» លើកទីមួយរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលជាយន្តការយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នៃទំនាក់ទំនងជាយុទ្ធសាស្ត្រ ជាពិសេស ការសម្រេចដំឡើងកម្រិតកិច្ចសន្ទនានេះទៅកម្រិត «៣+៣» ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិនផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ឃើញថាក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនេះក៏មានជំនួបសំខាន់ៗ រួមមាន៖ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងជំនួបរវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានបង្ហាញច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ ទោះស្ថិតក្នុងស្ថានការណ៍ពិភពលោកបច្ចុប្បន្នដែលមានការប្រែប្រួលមិនច្បាស់លាស់យ៉ាងណាក្តី។

ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចផងដែរថា ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ ទំនាក់ទំនងកម្ពុជា-ចិន ដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រ ដែលបានផ្តួចផ្តើមឡើងដោយ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តមប្រធាន ម៉ៅ សេទុង និងឯកឧត្តម ជូ អេងឡាយ និងត្រូវបានបន្តពូនជ្រុំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម ស៊ី ជីនពីង។ ជាពិសេស ការបន្តយកចិត្តទុកដាក់របស់មិត្តចិន ចំពោះការព្យាបាលនិងថែរក្សាព្រះរាជសុខភាពថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងហ្លួងយាយជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ចំណងមិត្តភាពនេះ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរនៅគ្រប់កម្រិតនិងគ្រប់វិស័យ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបដ៏រឹងមាំ រួមគ្នាជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលផ្តល់ផលជាផ្លែផ្កាជាក់ស្តែង និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ សម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរ ដែលបានបង្ហាញតាមរយៈសមិទ្ធផលថ្មីៗ រួមមាន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ, ពហុកីឡដ្ឋានមរតកតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ផ្លូវក្រវាត់ក្រុងទី៣, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, ផ្លូវជាតិលេខ១០ និងនាពេលថ្មីៗគម្រោងវារីអគ្គិសនីបូមទឹកស្តុកទុក ស្ទឹងតាតៃលើ ខេត្តកោះកុង ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត៕ អត្ថបទ៖ បាន ចក់




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត