ព័ត៌មាន
អ្នកវិភាគ៖កម្ពុជា-ចិន គឺជាមិត្តជិតស្និទ្ធដែលមិនអាចខ្វះគ្នាបាន ខណៈកិច្ចប្រជុំ ២+២ ដើម្បីបង្កើនទំនាក់ទំនងបន្ថែម
អ្នកវិភាគមើលឃើញថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិរវាងកម្ពុជា និងចិន លើកទីមួយ នៅកម្ពុជានេះ គឺប្រទេសទាំងពីរកំពុងបន្តអនុវត្តជាផ្លូវការនៃលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្នុងគោលដៅបង្កើនកម្លាំងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ក្នុងប្រវត្តិសាស្រ្ដទំនាក់ទំនងផ្លូវការរវាង កម្ពុជា និងចិន បានចាប់ផ្ដើមតាំងពីសតវត្សទីបី នៃម័យហ្វូណន ប៉ុន្ដែទំនាក់ទំនងប្រជាជន និងប្រជាជន គឺមានអាយុកាលជាងពីរពាន់ឆ្នាំមកហើយ។ ដោយឡែកក្នុងសម័យទំនើបនេះសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ហើយមកដល់ខែមេសា ឆ្នាំ១៩៥៥ គឺជាជំនួបដែលបានក្លាយជាទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងចិន ក្នុងពេលដែលព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានជួបផ្ទាល់ជាមួយ និងឯកឧត្តម ជូ អេនឡាយ នៅសន្និសីទបានដុង (Bandung Conference) ក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានបើកទំព័រថ្មីនៃទំនាក់ទំនង «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិន និងក៏ជាការគាំទ្រគ្នាលើចលនាពហុភាគីនិយម និងការទទួលស្គាល់នៃយន្តការឧត្តមានុភាពនៃអង្គការសហប្រជាជាតិផងផងដែរ។ ចំណែក ពេលនេះតាមរយៈកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ គឺកម្ពុជា និងចិន កំពុងបន្តអនុវត្តជាផ្លូវការនៃលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥កន្លងទៅ ដើម្បីបង្កើននូវកម្លាំងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនូវទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។
ចំណែក លោក អាន ប៉ាស្ទី អ្នកជំនាញច្បាប់អន្តរជាតិ មើលឃើញថា សកម្មភាពទំនាក់ទំនងនៃថ្នាក់ដឹកនាំកម្ពុជា និងចិន នាពេលកន្លងទៅ និងក្នុងឱកាសនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងការនឹករលឹកគ្នានៃមិត្តភាពយ៉ាងជ្រាលជ្រៅរវាងកម្ពុជា-ចិន ដែលតែងតែគាំទ្រគ្នាការពារគ្នា នៅក្នុងនយោបាយទាំងតំបន់ និងអន្តរជាតិ ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាត្រូវបានប្រទេសជិតខាងឈ្លានពាន មិត្តចិនបានជួយគាំទ្រឱ្យមានបទឈប់បាញ់ និងជួយឧបត្ថម្ភដល់ជនភៀសសឹកថែមទៀត។
សូមជម្រាបថា កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជា និងចិនត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ កិច្ចសន្ទនានេះត្រូវបានដឹកនាំខាងកម្ពុជាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯខាងភាគីចិន គឺដោយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕




-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ