ព័ត៌មាន
កម្ពុជា និងលីទុយអានី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលឱ្យកាន់តែស៊ីជម្រៅ
នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជា និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ គឺជាជំហានដ៏សំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជា និងលីទុយអានី មានសក្តានុពលសំខាន់ៗជាច្រើន នៅក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលប្រទេសទាំងពីរអាចពង្រីក និង ពង្រឹងបន្ថែមទៀត។

ជាការឆ្លើយតបសម្តេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះ ជាចលករក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ក៏ដូចជាការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយ បន្ថែមទៀត សម្រាប់ជាផលប្រយោជន៍ដល់ប្រជាជនទាំងពីរ។
សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការបរទេស ក៏បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគ, វិស័យកសិកម្ម, ឧស្សាហកម្មកែច្នៃ, វិស័យទេសចរណ៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអប់រំ និងបណ្តុះបណ្តាល, ក៏ដូចជា ការជំរុញទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី បានលើកពីកាលានុវត្តភាព និងលទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ដើម្បីជំរុញការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត។ ពាក់ព័ន្ធនឹងវិស័យថាមពលនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស បានគូសបញ្ជាក់អំពីបទពិសោធន៍ និងភាពខ្លាំងរបស់លីទុយអានី ដែលបានអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ និងមានការរីកចម្រើនដូចសព្វថ្ងៃ។ ចំពោះកម្ពុជា, សម្តេចធិបតីបានគូសរំលេចពីអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ វិស័យថាមពល ដែលមកដល់បច្ចុប្បន្ន កម្ពុជាសម្រេចបាននូវការប្រើប្រាស់ថាមពលស្អាតរហូតដល់ ៦២% និងមានគោលដៅបង្កើន ឱ្យដល់ ៧០% នៅឆ្នាំ២០៣០។ សម្តេចធិបតីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ, យន្តការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីជំរុញការអភិវឌ្ឍវិស័យថាមពលឱ្យមានសន្ទុះខ្លាំងក្លា និងប្រកបដោយចីរភាព។ ក្នុងន័យនេះ សម្តេចធិបតីបានគូសរំលេចថា កម្ពុជា និងលីទុយអានី មានកាលានុវត្តភាពខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើវិស័យថាមពល។
សម្តេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងសកលលោក ដោយបានបង្ហាញនូវការយល់ស្របគ្នាចំពោះសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ, ធម្មនុញ្ញអង្គការសហប្រជាជាតិ, ការដោះស្រាយជម្លោះដោយសន្តិវិធី និងការមិនប្រេីប្រាស់កម្លាំង។ ឆ្លៀតក្នុងឱកាសនេះ, សម្តេចធិបតីបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការគាំទ្រ និងគោរពយ៉ាងខ្ជាប់ខ្ជួនធម្មនុញ្ញអង្គការសហប្រជាជាតិ, ធម្មនុញ្ញអាស៊ាន និងការដោះស្រាយជម្លោះ ដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ ដែលជំហរនេះក៏ស្របទៅនឹងជំហររបស់សាធារណរដ្ឋលីទុយអានី ផងដែរ៕


-
ព័ត៌មាន5 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត