ព័ត៌មាន
ទូតហ្វីលីពីនប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកជំទាវ ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បាននាំនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ជូនចំពោះសម្ដេចធិបតី និងការអរគុណចំពោះសម្ដេចធិបតីដែលបានផ្ញើសារអបអរសាទរក្នុងថ្ងៃបុណ្យឯករាជ្យជាតិរបស់ហ្វីលីពីន។ លើសពីនេះ លោកជំទាវ ឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការហ្វីលីពីន-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកជំទាវ និងអបអរសាទរលោកជំទាវត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា។ សម្ដេចធិបតីក៏បានរំឭកពីទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា-ហ្វីលីពីន និងដែលតាមរយៈទំនាក់ទំនងនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរការរីកចម្រើន ហើយសម្ដេចធិបតីជឿជាក់ថា ក្នុងបេសកកម្មការទូតរបស់លោកជំទាវ ទំនាក់ទំនងនេះនឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែមទៀត។

សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លេីវិស័យជាច្រើន រួមមានវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម តាមរយៈការខិតខំបន្ថែមទៀតលើការជំរុញកំណេីនទំហំពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម, ការជំរុញវិស័យទេសចរណ៍តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញពីទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន មកកាន់ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា, វិស័យអប់រំ និងវិស័យសំណង់ជាដេីម។ បន្ថែមពីនេះ សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតក៏ពិភាក្សាអំពីការបន្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្ដិសុខ ដូចជាការធ្វើលំហាត់រួមគ្នា ការបណ្ដុះបណ្ដាល និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន ជាពិសេស អំពើឆបោកតាមអ៉ីនធឺណិត ជាដើម។

ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរដល់លោកជំទាវ ឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា និងបានគូសបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរដ្ឋទូតដេីម្បីពង្រឹង និងពង្រីកទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រេីនបន្ថែមទៀត ៕



អត្ថបទ: BTV NEWS
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 day agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ