ព័ត៌មាន
សហគ្រិនខ្មែរចាប់ដៃគូជាមួយផ្សារម៉ាក្រូកម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក
ភ្នំពេញ៖ សហគ្រិនខ្មែរមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីជាមួយផ្សារម៉ាក្រូ ដើម្បីគាំទ្រផលិតផលក្នុងស្រុកតាមរយៈពិព័រណ៍ផលិតផលខ្មែរ។ ដោយផ្អែកលើភាពជោគជ័យនៃឆ្នាំមុនៗពិព័រណ៍ផលិតផលខ្មែរ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ផលិតផលនិងអាជីវកម្មក្នុងស្រុក។

ស្របតាមស្ដង់ដារសុវត្ថិភាពចំណីអាហារផលិតផលក្នុងស្រុក រួមមាន៖ គ្រឿងទេស របស់ប្រើប្រាស់ប្រចាំថ្ងៃ បន្លែនិងផ្លែឈើស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៍ នឹងត្រូវដាក់តាំងបង្ហាញរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារម៉ាក្រូ សែនសុខ សៀមរាប និងជ្រោយចង្វារ។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ អតិថិជននឹងមានជម្រើសកាន់តែច្រើនក្នុងការជាវផលិតផលក្នុងស្រុក និងជាពិសេសអាចមានឱកាសឈ្នះរង្វាន់ផងដែរ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា ការសហការជាមួយផ្សារម៉ាក្រូកម្ពុជា ជាជំហានដ៏សំខាន់មួយទៀតក្នុងការឆ្ពោះទៅរកអតិថិជនកាន់តែទូលំទូលាយសម្រាប់ផលិតផលក្នុងស្រុក។ ភាពជាដៃគូថ្មីនេះ ជាការរួមចំណែកដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រផលិតផល និងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកតាមរយៈការពង្រីកម៉ាកយីហោក្នុងស្រុក និងទីផ្សារអន្តរជាតិ។ សហគ្រិនខ្មែរមានមោទនភាពក្នុងការដើរតួជាកម្លាំងកាតាលីករនៅពីក្រោយគំនិតផ្តួចផ្តើមដ៏សំខាន់នេះ។

លោកស្រី អាណាតា ថាឡាងឌី នាយកគ្រប់គ្រងនៃក្រុមហ៊ុនម៉ាក្រូកម្ពុជា បានមានប្រសាសន៍ថា នឹងប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុកឲ្យរឹងមាំ ដើម្បីគាំទ្រសហគមន៍ខ្មែរ និងពង្រឹងពួកគាត់ឲ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី បន្ថែមថា មានបំណងផ្តល់អាទិភាពជូនដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក ដោយរួមជាមួយនឹងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្មឲ្យមានគុណភាពស្តង់ដារខ្ពស់ទាំងផលិតផល និងការវេចខ្ចប់ មានទំនុកចិត្ត និងមានការផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព។ កន្លងមកនេះ ផ្សារបានធ្វើការពង្រឹងដល់អ្នកផ្គត់ផ្គង់ប្រភេទផលិតផលស្រស់ចំនួន៥៤ និងអ្នកផ្គត់ផ្គង់ផលិតផលស្ងួតចំនួន១៥ រូចមកហើយនៅទូទាំង ១៧ខេត្ត ក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់បន្ថែមថា ពិព័រណ៍ផលិតផលខ្មែរ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ តែជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា រវាងសហគ្រិនខ្មែរ និងផ្សារម៉ាក្រូកម្ពុជា ក្នុងការលើកកម្ពស់និរន្តរភាព ការជម្រុញបន្ថែមដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងការបង្កើតទំនាក់ទំនងដ៏មានអត្ថន័យ រវាងអតិថិជន និងអាជីវកម្មក្នុងស្រុក។ អាស្រ័យហេតុនេះ សូមសាធារណជនចូលរួមផ្សព្វផ្សាយសេចក្តីស្រឡាញ់ ចំពោះផលិតផលក្នុងស្រុក និងសហគ្រាសធុនតូចនិងមធ្យម តាមរយៈការគាំទ្រ និងចូលរួមពិព័រណ៍ផលិតផលខ្មែរ៕










-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ