Connect with us

Uncategorized

សម្ដេចតេជោចាត់ទុក កម្មវិធី «ដាស់ស្មារតីជាតិ» ជាការចងចាំរបស់កម្ពុជាទាំងការឈឺចាប់ និងភាព​អយុត្តិ​ធម៌

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្មវិធី «ដាស់ស្មារតីជាតិ» គឺជាការបង្ហាញនូវការចង់ចាំបទពិសោធ និងព្រឹត្តិការណ៍ដែល​កម្ពុជា​បានឆ្លងកាត់ក្នុងឆ្នាំ ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះ ទៅជាកម្លាំង​សាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និង​ការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន​រំឭកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបាន​សរសេរនៅលើបណ្ដាញសង្គម​ហ្វេសប៊ុកកាលពីថ្ងៃទី២៨ ឧសភា ម្សិលមិញ ដើម្បីដាស់ស្មារតីកូនខ្មែរក្នុង «ទិវាដាស់ស្មារតីជាតិ» ២៨ ឧសភា ២០២៦នេះ។

សម្តេចប្រមុខរដ្ឋស្តីទីបន្តថា៖«យុទ្ធនាការនេះក៏ជាឱកាសដ៏មានសារៈសំខាន់ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព តាមរយៈបទពិសោធ និងទិដ្ឋភាពជាក់ស្តែងដែលបញ្ជាក់ថា សុខសន្តិភាព និង​ស្ថិរភាពរបស់ប្រទេស មិនមែនកើតឡើងដោយងាយស្រួលនោះទេ ប៉ុន្តែ វាទាមទារឱ្យមានការ​រួបរួម ការលះបង់និងការខិតខំថែរក្សាជាប្រចាំពីប្រជាជាតិទាំងមូល។ យុទ្ធនាការស្មារតី​​​​ជាតិ នេះក៏បាន​បង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលាប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ននិងការត្រៀមខ្លួន​។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ គឺជាមេរៀនដ៏មានតម្លៃដែលជំរុញឱ្យយើងទាំងអស់គ្នាបន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ»។

យើងទាំងអស់គ្នាក៏នៅចងចាំបាននូវសារដ៏មានអត្ថន័យ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី ២៩ ធ្នូ ២០២៥ ថា៖«ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើងនៅសមរភូមិគឺជាការដាស់តឿន​មិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់»។ ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះ​មួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និង កាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង»។

សូមជម្រាបថា កម្មវិធី «ដាស់ស្មារតីជាតិ» បានក្រើនរំឭកយើងទាំងអស់គ្នាឱ្យ​ចងចាំជានិច្ច​ថា​ ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ទាំងអស់​នេះ​ គឺជាមេរៀនដ៏មានតម្លៃ ដែលជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia