ព័ត៌មាន
ការិយាល័យតំណាង អ.ដ.ក. ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តព្រះវិហារ ដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែជិតប្រជាពលរដ្ឋ!
ការិយាល័យតំណាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. ប្រចាំខេត្តព្រះវិហារ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបង្ខិតសេវាសម្រុះសម្រួលផ្សះផ្សាវិវាទឱ្យទៅដល់មូលដ្ឋានផ្ទាល់។ ពិធីនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យថ្មី ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត។
នៅក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានបង្ហាញនូវក្តីសោមនស្សរីករាយ និងសម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី ព្រមទាំងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដែលបានកំណត់យកខេត្តព្រះវិហារ ជាខេត្តគោលដៅក្នុងការបង្កើតឱ្យមានការិយាល័យតំណាងនេះឡើង។ ឯកឧត្តមអភិបាលខេត្តបានចាត់ទុកសមិទ្ធផលថ្មីនេះថា ជាវឌ្ឍនភាពមួយដ៏សំខាន់សម្រាប់ខេត្តព្រះវិហារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន តាមរយៈយន្តការសម្រុះសម្រួលផ្សះផ្សា ប្រកបដោយប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីសាធារណជន ស្របតាមចក្ខុវិស័យ និងការវិវត្តរបស់សង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។
ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន បានគូសបញ្ជាក់យ៉ាងច្បាស់ពីសមត្ថកិច្ចសំខាន់ៗទាំងបីរបស់ការិយាល័យតំណាង អ.ដ.ក. ដែលរួមមាន ការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលស្នើសុំសម្រុះសម្រួល ការធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដោយផ្ទាល់ និងការសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយអំពីយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. ព្រមទាំងបណ្តុះបណ្តាលជំនាញដោះស្រាយវិវាទជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ។ទន្ទឹមនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនជំនឿទុកចិត្តលើយន្តការថ្មីនេះ ឯកឧត្តមបណ្ឌិតបានធ្វើការណែនាំ និងផ្តាំផ្ញើដល់ប្រធាន និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ ត្រូវបំពេញមុខងាររបស់ខ្លួនតាមការចាត់តាំងឱ្យបានម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវគោរពតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ មន្ត្រីគ្រប់រូបត្រូវខិតខំដុសខាត់សមត្ថភាពខ្លួនជាប់ជាប្រចាំ និងប្រើប្រាស់ចំណេះដឹង បទពិសោធន៍ទាំងឡាយ ដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងនាមជាតួអង្គដ៏សំខាន់នៅក្នុងការពន្លត់ភ្លើងវិវាទរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់រដ្ឋបាលខេត្តព្រះវិហារ សូមបន្តផ្តល់នូវការគាំទ្រ សម្របសម្រួល និងសហការជិតស្និទ្ធជាមួយការិយាល័យតំណាង អ.ដ.ក. ដើម្បីធានាឱ្យសេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានលក្ខណៈងាយស្រួល សម្បូរបែប ឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ សំដៅបង្កើតបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។
គួរបញ្ជាក់ជូនផងដែរថា ផ្អែកលើស្នាដៃការងារល្អប្រសើរនាពេលកន្លងមក លោកស្រី ស ស៊ីយេត មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី១ ត្រូវបានថ្នាក់ដឹកនាំ អ.ដ.ក. ផ្តល់ទំនុកចិត្ត និងចាត់តាំងឱ្យមកបំពេញភារកិច្ចជាប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តព្រះវិហារ នាពេលនេះតែម្តង៕
















-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា