ព័ត៌មាន
ត្រីមាសទី១ឆ្នាំនេះ កម្ពុជាប្រមូលថវិកាពីដៃគូ និងការបោះលក់មូលបត្រមានទំហំជាង ៥៦១ លានដុល្លារ សម្រាប់តម្រូវការអភិវឌ្ឍ
នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងសរុបជាង ១៩២ លានដុល្លារអាម៉េរិក និងការបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណជាង ៣៦៩ លានដុល្លារអាម៉េរិក ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន ទ្រទ្រង់ដល់វិស័យអាទិភាព។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ដោយបង្ហាញឱ្យដឹងថា ស្ថានភាពបំណុល សាធារណៈបច្ចុប្បន្នរបស់កម្ពុជា ត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន «ចីរភាព» និង «ហានិភ័យ កម្រិតទាប»។ ការរក្សាបាននូវចីរភាពបំណុលសាធារណៈនេះ គឺអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំរួមមាន៖ ១) ក្របខ័ណ្ឌគតិយុត្ត, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ, ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។
ជាក់ស្តែងបើគិតទាំងបំណុលមរតក ត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៦, កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ជាង ១៣ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជាង ១២ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណ:ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគី ៥៩% និងក្របខ័ណ្ឌពហុភាគីប្រមាណ ៤១%) និង ៤% ត្រូវនឹងប្រមាណជាង ៥៩៦ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ ដោយឡែកការចុះកិច្ចព្រមព្រៀងឥណទាន នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះវិញ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាមានចំនួនសរុបជិត ៩២ លានដុល្លារអាម៉េរិក សមមូលជាង ៦៧ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២.២៥០ លានអេសដេអ៊ែ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី ៧៥% និងក្របខ័ណ្ឌពហុភាគី ២៥% បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២៥ មានកំណើនប្រមាណ ១៧%។
ចំណែកការបោះផ្សាយលក់មូលបត្ររដ្ឋនៅក្នុងត្រីមាសទី១នេះដែរ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹក ប្រាក់សរុបប្រមាណ ១,៤៨ ទ្រីលានរៀល សមមូលប្រមាណជាង ៣៦៩ លានដុល្លារអាម៉េរិក ក្នុងនោះមូលបត្ររដ្ឋដែលបោះផ្សាយជា ប្រាក់រៀលមានចំនួន ១៩៨ ប៊ីលានរៀល ខណៈដែលមូលបត្ររដ្ឋជាប្រាក់ដុល្លារអាម៉េរិក មានជាង ៣១៩ លានដុល្លារអាម៉េរិក។ ជារួម, ការបោះផ្សាយមូលបត្ររដ្ឋខាងលើនេះ មានទំហំស្មើនឹងប្រមាណ ៧០% នៃទំហំសរុបដែលច្បាប់អនុញ្ញាត (២.១១៤ ប៊ីលានរៀល) ជាហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ ការអនុវត្តវិធានការ គោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល និងរក្សាតុល្យភាព ថវិកាជាតិ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។
ចំណែកការដកសាច់ប្រាក់ នៅក្នុងត្រីមាសទី១នេះ, រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ច ព្រមព្រៀងកន្លងមកមានចំនួនសរុបជាង ១៩២ លានដុល្លារអាម៉េរិក ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៤០% និងក្របខ័ណ្ឌពហុ ភាគីមានប្រមាណ៦០%។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨២% និងវិស័យអាទិភាព ចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ១៨%៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ