Connect with us

ព័ត៌មាន

សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

ស្វាយរៀង៖កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានបន្តចុះស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលយីហោ ហេង ស៊ុនហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន ៧៣នាក់ ស្រី ៣១នាក់ (ជនជាតិវៀតណាម ៥៦នាក់ ស្រី ២៣នាក់, ជនជាតិចិន ១៣នាក់ ស្រី០៥នាក់ និងជនជាតិខ្មែរ ០៤នាក់ ស្រី ០៣នាក់)។

ចាប់យកសម្ភារវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសរួមមាន ៖ កុំព្យូទ័រលើតុ All-In-One ,កុំព្យូទ័រយួរដៃ ,ម៉ូនីទ័រ ,ធុងCPU , ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯទីតាំងប្រព្រឹត្តិបទល្មើសក្រុមការងារបិទទីតាំង(Seal Off) បណ្ដោះអាសន្ន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia