ព័ត៌មាន
សម្ដេចតជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកូរោនផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលប្រារព្ធធ្វើឡើងនៅសាលកម្កល់សពថ្នាក់ជាតិ សម្តេចប្រធានព្រឹទ្ធសភា សម្តេច ឯកឧត្តម លោកជំទាវ បានអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong ជាលើកចុងក្រោយ និងជាការជូនដំណើរសព ឯកឧត្តម Nguyen Phu Trong។ សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម Nguyen Phu Trong បន្ទាប់ពីឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរូបនេះ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។
បើតាមជីវប្រវត្តិសង្ខេបឯកឧត្តម Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ ឯកឧត្តមគឺជាសាស្ត្រាចារ្យម្នាក់ដែលទទួលបានសញ្ញាប័ត្រ បណ្ឌិតផ្នែកនយោបាយ។ ឯកឧត្តមបានក្លាយជាសមាជិកបក្សកម្មុយនិស្ដវៀតណាម ដោយបម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយជានិពន្ធនាយកទស្សនាវដ្ដីនេះក្នុងឆ្នាំ១៩៩៧។ ឯកឧត្តមបានក្លាយជាលេខារងនៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។
ក្រោយមក ឯកឧត្តម Nguyen Phu Trong បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី១២ និងលេខាគណៈកម្មការយោធាមជ្ឈិមពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨។ ឯកឧត្តម Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព ឯកឧត្តម Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ ឯកឧត្តម Nguyen Phu Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់បក្សកម្មុយនិស្ដវៀតណាមផងដែរ។
បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចាកចេញពីរដ្ឋធានី ហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរនិវត្តន៍មកកាន់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នៅអាកាសយានដ្ឋានអន្តរជាតិណូយបៃ វត្តមាននៃការអញ្ជើញជូនដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា រួមមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាមជាច្រើនរូប។
សូមបញ្ជាក់ថា សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា គ្រោងនិងអញ្ជើញទៅដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ដដែលនេះ៕
អត្ថបទ៖ BTV NEWS
-
PR NEWS1 week agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន7 days agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន5 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន5 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន5 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន5 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង