ព័ត៌មាន
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ UN-Habitat
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានថ្លែងសុន្ទរកថាក្នុងនាមជាភ្ញៀវ នៅក្នុងសិក្ខាសាលាបណ្តាញទី៣ នៃវេទិកាទីក្រុងតូក្យូ សម្រាប់ទីក្រុង ប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (Tokyo-SUSCAP) ដែលរៀបចំដោយការិយាល័យតំបន់ អាស៊ី និងប៉ាស៊ីហ្វិកនៃកម្មវិធីអង្គការសហប្រជាជាតិសម្រាប់ការតាំងទីលំនៅរបស់មនុស្ស (UN-Habitat ROAP) នៅទីក្រុងតូក្យូ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
សិក្ខាសាលានេះបានប្រមូលផ្តុំតំណាងមកពីរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នសិក្សា អង្គការសង្គមស៊ីវិល និង វិស័យឯកជន ដើម្បីផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍អំពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ភាពធន់នឹង ការប្រែប្រួលអាកាសធាតុ នវានុវត្តន៍ និងភាពជាដៃគូសម្រាប់ទីក្រុងនានានៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
នៅក្នុងសុន្ទរកថា ឯកឧត្តម ឯកអគ្គរាជទូត ជុំ សុន្ទរី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការ អភិវឌ្ឍទីក្រុងប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន។ ឯកឧត្តមបានលើកឡើងពីអាទិភាពរបស់កម្ពុជា ក្នុងការជំរុញលំនៅឋានដែលមានតម្លៃសមរម្យ និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការពង្រឹង ការរៀបចំផែនការទីក្រុង និងអភិបាលកិច្ច ការកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាសាធារណៈ ការបង្កើន ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងបៃតង។
ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហា ប្រឈមនានានៃការអភិវឌ្ឍទីក្រុង និងបានសម្តែងនូវការកោតសរសើររបស់កម្ពុជាចំពោះមិត្តភាព និងកិច្ចសហ ប្រតិបត្តិការដ៏យូរអង្វែងជាមួយប្រទេសជប៉ុន និងប្រព័ន្ធអង្គការសហប្រជាជាតិ ជាពិសេស UN-Habitat។
ឯកឧត្តមបានស្វាគមន៍ចំពោះការរីកចម្រើននៃភាពជាដៃគូរវាងកម្ពុជា និង UN-Habitat និងបានលើកឡើង អំពីដំណើរទស្សនកិច្ចថ្មីៗនេះទៅកាន់ប្រទេសកម្ពុជា របស់លោកស្រី Ishigaki Kazuko នាយកតំបន់នៃការិយាល័យតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់ UN-Habitat ដែលក្នុងឱកាសនោះ ឯកសារកិច្ចសហប្រតិបត្តិការ ចំនួនពីរត្រូវបានចុះហត្ថលេខាដើម្បីពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និរន្តរភាពបរិស្ថាន និងសហគមន៍ដែលមានភាពធន់។ឯកឧត្តម ជុំ សុន្ទរី ក៏បានទទួលស្គាល់ការគាំទ្ររបស់ UN-Habitat ចំពោះកម្ពុជា តាមរយៈគំនិតផ្តួចផ្តើមនានា ពាក់ព័ន្ធនឹងលំនៅឋានដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ភាព ធន់របស់សហគមន៍ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដែលបានរួមចំណែកក្នុងការកែលម្អគុណភាពជីវិតប្រជា ពលរដ្ឋ និងពង្រឹងសមត្ថភាពមូលដ្ឋាន។
សម្រាប់ពេលអនាគត ឯកឧត្តមបានបង្ហាញពីចំណាប់អារម្មណ៍របស់កម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយ UN-Habitat ស្ថាប័នជប៉ុន ស្ថាប័នសិក្សា និងវិស័យឯកជន លើវិស័យដូចជា ការរៀបចំផែនការទីក្រុង ប្រកបដោយចីរភាព ហេដ្ឋារចនាសម្ព័ន្ធធន់នឹងការប្រែប្រួលអាកាសធាតុ លំនៅឋានដែលមានតម្លៃសមរម្យ ដំណោះស្រាយទីក្រុងឆ្លាតវៃ នវានុវត្តន៍ឌីជីថល និងការអភិវឌ្ឍទីក្រុងបៃតង។
ជាចុងក្រោយ ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងនូវជំនឿជាក់ថា គំនិតផ្តួចផ្តើម Tokyo-SUSCAP នឹងបន្ត ដើរតួនាទីជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសន្ទនា ការចែករំលែកចំណេះដឹង និងការកសាងភាពជាដៃគូ ដើម្បី ជំរុញការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។



-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា