Connect with us

ព័ត៌មាន

កម្ពុជាបន្ដសម្រេចបានសមិទ្ធផលជាច្រើន ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា កម្ពុជាបន្ដសម្រេចបានសមិទ្ធផលជាច្រើន និងបានផ្លាស់ប្ដូរ​មុខមាត់គួរជាទីមោទនៈ​ដោយបានរក្សានូវស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព ព្រមទាំងធានាបានយ៉ាងរឹងមាំនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពហិរញ្ញវត្ថុសាធារណៈ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគាររដ្ឋបាលរបស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ» នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦ នេះថា នៅក្នុងដំណាក់កាលថ្មី នៃការបន្តខិតខំអភិវឌ្ឍប្រទេស ចាប់តាំងពីដើមនីតិកាលទី៧នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ និងកំពុង​ជំរុញអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥, សំដៅខិតខំ​ជម្នះឲ្យបាន​នូវបញ្ហាប្រឈមទាំងឡាយ និងសម្របខ្លួនទៅនឹងការ​ប្រែប្រួលនៃសភាពការណ៍​ ដែល​កើត​ឡើងជា​បន្ដបន្ទាប់ ដោយតម្រូវឲ្យរាជរដ្ឋាភិបាលចាត់វិធានការអន្តរាគមន៍ឲ្យបានទាន់ពេល និងចំទិសដៅប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ ព្រមទាំងត្រៀមដាក់ចេញនូវ​វិធានការឆ្លើយតបមុតស្រួច លើគ្រប់វិស័យសំដៅដោះស្រាយ ម្ខាង, បញ្ហាប្រឈមចំពោះមុខ និងបន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ចំណែកម្ខាងទៀត, ប្រែក្លាយបញ្ហា​ប្រឈមទាំងនេះ ឲ្យទៅ​ជាកាលានុវត្តភាព តាមរយៈការបន្ត ខិតខំពង្រឹងភាពប្រកួតប្រជែង ក៏ដូចជាភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ តាមរយៈការពង្រីក និងការពង្រឹងប្រព័ន្ធគាំពារសង្គម; ការកែលម្អបរិយាកាសធុរកិច្ច ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងវិស័យហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ; ការ ពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុង​ស្រុក សំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុង​តំបន់ និង​សកលលោក ការចាប់យកសកម្មភាពផលិតកម្ម ដែលបង្កើតតម្លៃបន្ថែមខ្ពស់; ការបង្កើតការងារកាន់តែច្រើន សម្រាប់ពលករកម្ពុជា; និងការពង្រីក មូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍មួយចំនួន ជូន​ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកគ្រប់ លំដាប់ថ្នាក់ របស់មន្ទីរ និងអង្គភាពពាក់ព័ន្ធទាំងអស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់យកទៅអនុវត្ត ជាមួយនឹងភាពបុរេសកម្ម និងស្មារតី ទទួលខុសត្រូវខ្ពស់ ដោយមានកិច្ចសហការជិតស្និទ្ធ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាព នៃក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរដែន ដី ក្នុងមូលដ្ឋានគ្រប់លំដាប់ថ្នាក់រួមមាន៖ ការពង្រឹងរបៀបរបបការងារ, ការកសាងមូលធនមនុស្ស, ការកែទម្រង់ និងការធ្វើបរិវត្តកម្ម ឌីជីថល, ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយភាគីពាក់ព័ន្ធ និងបន្ទាប់ពីយើងបានកសាងអគាររដ្ឋបាល ដ៏ស្រស់ស្អាតនេះ ហើយ ថ្នាក់ដឹកនាំគ្រប់កម្រិតនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបម្រើការងារនៅទីនោះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា អនាម័យ និងសោភ័ណភាពនៃអគារទាំងមូលឲ្យបានល្អ និងស្អាតយូរអង្វែង, ដូចដែលសម្តេចតេជោ ប្រធានព្រឹទ្ធសភាតែងតែក្រើន រំលឹកយើងទាំងអស់គ្នាជារើយៗថា ការទទួលបានសមិទ្ធផលថ្មី គឺជារឿងល្អ ប៉ុន្តែអ្វីដែលសំខាន់ និងកាន់តែត្រូវយកចិត្ត ទុកដាក់នោះ គឺការថែរក្សា និងការប្រើប្រាស់សមិទ្ធផលទាំងនោះ ឲ្យបានគង់វង្សយូរអង្វែងជានិរន្ត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia