Connect with us

ព័ត៌មាន

TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​ចង្អុល​ប្រាប់​ចំណុច​សំខាន់​ដែលពាក់ព័ន្ធនឹងទំនិញថៃថា ​ពេល​ណា​ព្រំដែន​គោក​រវាង​កម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញ​បំផ្លាញជាតិ និងប្រមាថជាតិ។

តាមរយៈបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសរសេរយ៉ាងដូច្នេះថា «អាចមានការបកស្រាយខុស ឬយល់តែ​ធ្វើ​មិន​យល់ ឬ​ជា​ការ​បំពាន ឬជាអំពើ​ពុករលួយ ឬជាប្រមាថជាតិសាសន៍ឯង​ពីសំណាក់មន្ត្រីខិល​ខូច និងឈ្មួញ ទុច្ច​រិតទើបទំនិញថៃថ្មីៗ បាននាំចូលមក​ប្រើប្រាស់នៅកម្ពុជា។ ដើម្បី​បាន​ជា​ពន្លឺ និង​ឈប់​ល្ងង់​តទៅ​ទៀត ខ្ញុំ​សូម​ចង្អុល​ប្រាប់​ចំណុច​សំខាន់​មួយ​គឺ (ពេល​ណា​ព្រំដែន​គោក​រវាង​កម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ​) គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ជា​ទំនិញ​រត់​ពន្ធ​​ ជាទំនិញបំផ្លាញជាតិ និង​ប្រមាថជាតិ។ ពេល​ដែល​ព្រំដែន​គោក​ត្រូវ​បាន​បិទ​មនុស្ស​ក៏​មិន​អាច​ឆ្លង​បាន​ទំនិញ​ក៏​មិន​អាចឆ្លងបាន។»

សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរ​ថា សម្រាប់​មនុស្ស និងទំនិញដែលឆ្លងកាត់តាម​ផ្លូវទឹក និង​ផ្លូវ​អាកាស​ ពិសេសទំនិញ គឺ​ជា​សមត្ថកិច្ច​របស់គយដែលជា​អ្នក​កំណត់ថា ខុស​ច្បាប់ ឬត្រូវច្បាប់​ព្រោះ​ផ្លូ​វទឹកតាមកំពង់ផែសមុទ្រ និងផ្លូវ​អាកាស​តាម​(ព្រលាន​យន្ត​ហោះ) ភា​គី​ទាំង​២​កម្ពុជា-ថៃ​នៅ​ដំណើកា​រជាធម្មតា។

សម្ដេចតេជោបន្តទៀតថា ត្រូវ​ប្រមូល​ផ្តុំ​ចាត់​វិធាន​ការ​លើ​ទំនិញ​ដែល​ឆ្លង​កាត់​ព្រំដែន​គោក​ព្រោះ​មិន​អាច​បិទ​ព្រំដែន​គោកហើយទំនិញចូល​បាននោះឡើយ និងសូមកុំនិយាយថា ទំនិញ​សល់​ក្នុង​ស្តុក​លក់​មិន​ទាន់​អស់​ព្រោះទំ​និញខ្លះផលិតឆ្នាំ២០២៦ ក្រោយ​ព្រំដែន​គោក​ត្រូវ​បាន​ភាគី​បិទ ១​ឆ្នាំ​មុន​មក​ម្លេះ​ហេតុ​អ្វី​មាន​លើ​ទីផ្សា​កម្ពុជា។ ម្យ៉ាងទៀត​ប្រសិន​បើ​ទំនិញ​នោះ​វា​សល់​ពិត​មែន​ក៏​ល្មម​ផុត​កំណ​ត់រយៈពេលប្រើប្រាស់ហើយ។ អ្នកប្រើប្រាស់ គឺ​ជា​ចៅ​ហ្វាយ​កុំ​មាន​ប្រាក់​ទិញ​ហើយ​ទុក​ឲ្យ​គេ​មើល​ងាយ​ទាំងសាម៉ី​ខ្លួន ទាំងជាតិសាសន៍៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia