Connect with us

ព័ត៌មាន

ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន​កិត្តិយស​នៃ​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​បានថ្លែងថា ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បាន​ទទួល​ពិនិត្យ​ព្យាបាល​ទារក កុមារ និងផ្ដល់សេវាសម្ភព បានជាង៥១ម៉ឺនករណី ដែលចំណាយថវិកាជាង ១៦​លាន​ដុល្លារអាមេរិក ខណៈគិតត្រឹមមកដល់ពេលនេះ ចលនាការចូលរួមក្នុងយុទ្ធនាការ « ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ទទួលបានថវិកាជាង ៥លានដុល្លារ ហើយសកម្មភាពនេះ កំពុងបន្តជាហូរហែរ។

ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គ្រូពេទ្យ បុគ្គលិក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​អាណាព្យាបាលកុមារ និងទទួលថវិកាពីសប្បុរសជន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា អ្វីដែលលើសពីមន្ទីរពេទ្យ គឺ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ប្រៀបដូចជាមជ្ឈមណ្ឌលសង្គ្រោះអាយុជីវិតទារក និងកុមារ ពីព្រោះ​ក្នុង​មួយ​ឆ្នាំ​ៗ ​មន្ទីរពេទ្យមួយនេះ បានសង្គ្រោះជីវិតទារក និងកុមារកម្ពុជារាប់សែននាក់ ដោយគ្មាន​ការ​រើសអើង។

លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀតការបន្តដំណើរទៅបាន នៃបេសក​កម្ម​ជួយ​សង្គ្រោះ​ជីវិត​ទារក និងកុមារ គឺមានការចូលរួមពីសកម្មភាពចំនួន៣ ក្នុងនោះគឺមូលនិធិគន្ធបុប្ផាកម្ពុជា-ស្វីស​ សប្បុរសជន និងក្រុមគ្រូពេទ្យ។ សម្រាប់ក្រុមគ្រូពេទ្យ គួរយល់ដែរថា បេសកកម្មរបស់ខ្លួន មិន​ត្រឹមតែជាការបំពេញនូវក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្ណោះទេ គឺជាការចូលរួមសង្គ្រោះទារក និង​កុមារ​ដែល​ជាអ្នកបន្តវេន ដើម្បីឲ្យពួកគេមានសុខភាពល្អ កម្លាំងកាយមាំមួន។

ជាមួយគ្នា លោកជំទាវបណ្ឌិតប្រធានកិត្តិយស បាននាំយកនូវការសួរសុខទុក្ខ និង​ថ្លែង​អំណរ​គុណ​ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តទី និងជាប្រធានព្រឹទ្ធសភាជាតិ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេគឺជាស្ថាបនិក បង្កើត​មូលនិធិគន្ធបុប្ផាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះ​សប្បុរស​ជន និងក្រុមគ្រូពេទ្យ ដែលជាអ្នកទាញទារក និងកុមារកម្ពុជា ចេញពីមាត់មច្ចុរាជ តាម​រយៈ​សកម្ម​ភាពមនុស្សធម៌ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា ។ ក្នុងឱកាសននោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសប្បុរសជននានា បន្ត​ចូល​រួម​ក្នុង​យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីចូលរួមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការងារ​សង្គ្រោះ​ទារក និងកុមារកម្ពុជា។

គួរបញ្ជាក់ថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាសរុបចំនួនជាង ៤៦ លានដុល្លារ ដើម្បី​បន្តបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់នូវសេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រម​ទាំង​សេវា​សម្ភព​ជូន​ស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ហើយកាល​ពី​ឆ្នាំ​២០២៥ ​មន្ទីរពេទ្យមួយនេះ បានជួយពិនិត្យព្យាបាលទារក កុមារ និងផ្ដល់សេវាសម្ភព បាន​ចំនួន​ជាង ​១លាន ៥សែនករណី ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia