ព័ត៌មាន
ខេត្តកណ្តាលបានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ: លើកទី៩ ឆ្នាំ២០២៦
វិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ខែមិថុនានេះ បានសហកាជាមួយអាជ្ញាធរខេត្តកណ្តាល រៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ក្រោមអធិបតីភាពឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តមអភិបាលខេត្ត។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន ដោយមានការការចូលរួមពីមន្រ្តីមន្ទីរក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិតជាដើម។
នៅក្នុងអង្គពិធីឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា បច្ចុប្បន្នទីផ្សារការងារសម្រាប់ខេត្តកណ្តាល កំពុងមានតម្រូវការការងារជំនាញខ្ពស់បំផុត តាមរយៈគម្រោងវិនិយោគធំៗដូចជា៖ អាកាសយានដ្ឋានអន្តរជាតិតេជោ និងរោងចក្រ សហគ្រាសជាដើម។ លើសពីនេះ ឯកឧត្តមក៍បានអំពាវនាវដល់យុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងរៀនជំនាញឱ្យចេះពិតប្រាកដ ដើម្បីអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។
យុវជនបានលើកឡើងដែរថា ការរៀនជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែន គ្រូបណ្តុះបណ្តាល បានយកចិត្តទុកដាក់ ហើយឥលូវនេះកំពុងរៀនជំនាញបណ្តើរ និងធ្វើការបណ្តើរ ទទួលបានចំណូលសមរម្យអាចផ្គត់ជីវភាពរស់នៅប្រចាំថ្ងៃបានល្អជាងមុន។ យុវជនទាំងនោះបន្តថា ការរៀនជំនាញបច្ចេកទេសចេះពិតប្រាកដមិនពិបាករកការងារធ្វើនោះទេ ម្លោះហើយសូមឱ្យយុវជនដែលមិនទាន់មានការងារធ្វើគួររៀនជំនាញបច្ចេកទេសផ្សេងៗ ដើម្បីកែប្រែជីវភាពរស់នៅ និងចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានពហុបច្ចេកទេសតេជោសែន បានបង្ហាញថា ចំនួនសិស្ស និស្សិត បានបញ្ចប់ការសិក្សាគ្រប់កម្រិតនៅឆ្នាំ២០២៥ មានចំនួនសរុប ១,៧០០នាក់ ក្នុងនោះស្រីចំនួន២៧០នាក់ ដោយមានអត្រាការងារចំនួនប្រមាណ៩៦ភាគរយ។ រីឯសិស្ស និស្សិតកំពុងសិក្សានៅឆ្នាំ២០២៦ សរុបចំនួនជាង១ពាន់នាក់ ក្នុងនោះស្រីចំនួន១៤២នាក់។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងលើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការផ្សព្វផ្សាយ ការជំរុញ និងលើកទឹកចិត្តទៅសិស្សានុសិស្ស និស្សិត យុវជន និងសាធារណៈជនឱ្យយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។អត្ថបទ៖ទូច សោភ័ណ








-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប