ព័ត៌មាន
សម្ដេចធិបតី៖ ការធ្វើព្រឹត្តិការណ៍កាយឫទ្ធិនារីពិភពលើទឹកដីអង្គរបង្ហាញពីទំនុកចិត្តមិត្តអន្តរជាតិចំពោះកម្ពុជា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដែលមានមិត្តអន្តរជាតិជាង១១៦ ប្រទេសមកចូលរួមលើទឹកដីអង្គរ នៃខេត្តសៀមរាប ប្រទេសកម្ពុជានេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្តរបស់មិត្តអន្តរជាតិចំពោះកម្ពុជា។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS នៅកម្ពុជានេះ ក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជាក្នុងការចូលរួមជាមួយចលនាសកល ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ សេវាសង្គម ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារីរបស់កម្ពុជា និងពិភពលោកផងដែរ។
សម្ដេចធិបតី បានថ្លែងថា ប្រធានបទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ “We See, We Care, We Act” ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” នេះគឺជាស្មារតីដែលរាជរដ្ឋាភិបាលកម្ពុជាតែងចង់ឃើញ នៅគ្រប់កម្រិតនៃសង្គម ពោលគឺសង្គមមួយដែលមើលឃើញពីតម្លៃមនុស្ស យកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយហើយរួបរួមធ្វើសកម្មភាពដើម្បីសេចក្ដីចម្រើនរួមគ្នា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ការលើកកម្ពស់ស្រ្ដី គឺជាការលើកកម្ពស់ជាតិ និងជាការពង្រឹង អនាគតរួមរបស់ពិភពលោក។ កម្ពុជា សូមចូលរួមចំណែកជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការបញ្ជាក់សារសំខាន់ថា ក្មេងស្រី និងយុវនារីមិនមែនជាអ្នកអង្គុយរងចាំអនាគតនោះទេ, ប៉ុន្ដែក្មេងស្រី និងយុវនារី គឺជាអ្នកចូលរួមកសាងអនាគតយ៉ាងសកម្មចាប់ពីថ្ងៃនេះតទៅ។
សម្ដេចធិបតី បញ្ជាក់ថា៖«ការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅកម្ពុជា បានបង្ហាញអំពីទំនុកចិត្តរបស់មិត្តអន្តរជាតិ ចំពោះកម្ពុជា ហើយក៏ជាឱកាសមួយ ដ៏ល្អសម្រាប់កម្ពុជាក្នុងការចូលរួមជាមួយចលនាសកលដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ សេវាសង្គម ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារី»។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរចំពោះសមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts – WAGGGS) ដែលបានបន្តបេសកម្មដ៏មានតម្លៃក្នុងការគាំទ្រក្មេងស្រី និងយុវនារីជុំវិញពិភពលោក ឱ្យក្លាយជាពលរដ្ឋសកម្ម មានការទទួលខុសត្រូវ មានសមត្ថភាព និងមានទឹកចិត្តបម្រើសង្គម។ សម្ដេចធិបតី ក៏បានកោតសរសើរចំពោះសហគមន៍ The Olave Baden-Powell Society (OB-PS) ដែលបានប្រមូលផ្ដុំមិត្តភក្តិ អ្នកគាំទ្រ សប្បុរសជន និងអ្នកជឿជាក់លើអនាគតរបស់ក្មេងស្រី ដើម្បីរួមចំណែកគាំទ្រចលនាដ៏មានអត្ថន័យនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសគាំទ្រចំពោះ សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការសិក្សា ការបណ្ដុះបណ្ដាល ការបម្រើសង្គម និងការភ្ជាប់ជាមួយចលនាអន្តរជាតិ៕
















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣