Connect with us

ព័ត៌មាន

សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society នៅខេត្តសៀមរាបនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ថា សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ។ ដោយសារសន្តិភាពនេះហើយទើបកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធ, បង្កើនឱកាសសិក្សា, បង្កើតឱកាសការងារ, លើកកម្ពស់សុខុមាលភាពសង្គម និង បើកទ្វារទទួលមិត្តអន្តរជាតិ មកចែករំលែកចំណេះដឹង, បទពិសោធន៍ និង មិត្តភាព ជាមួយប្រជាជនកម្ពុជា ។ តាមរយៈការអញ្ជើញមកទស្សនាផ្ទាល់, មិត្តរបស់យើងពិតជាអាចជ្រួតជ្រាបពីសុខសន្តិភាព, ស្ថិរភាព, សុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្តល់ភាពកក់ក្តៅ និងមានសមត្ថភាពធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏អធិកអធមបែបនេះ ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ប្រធានបទនៃសន្និសីទនេះ គឺ “We See, We Care, We Act” ដែលយើងអាចយល់ជាភាសាខ្មែរថា “យើងឃើញ, យើងយកចិត្តទុកដាក់, យើងរួមគ្នាធ្វើសកម្មភាព” គឺជាប្រធានបទមួយដែលខ្លី ប៉ុន្តែមានអត្ថន័យដ៏ជ្រាលជ្រៅ។ ចំណុចនេះគឺជាស្មារតី ដែលរាជរដ្ឋាភិបាលកម្ពុជា តែងចង់ឃើញនៅគ្រប់កម្រិតនៃសង្គម ពោលគឺសង្គមមួយដែលមើលឃើញពីតម្លៃមនុស្ស, យកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយ ហើយរួបរួមគ្នាធ្វើសកម្មភាពដើម្បីសេចក្តីរីកចម្រើនរួមគ្នា ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និង ក្មេងស្រីនៅគ្រប់វិស័យអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌, សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ «ស្រ្តីគឺជាស្នូល»។

មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច, អប់រំ, សុខភាព និង ការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ, ការបង្ក

លក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិធ្វើការសម្រេចចិត្តលើផែនការគ្រួសារ, ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់ ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស, ការអប់រំ, ការលើកកម្ពស់សុខភាព, សុខុមាលភាពសង្គម, ការបង្កើតឱកាស និងការលើកកម្ពស់តួនាទីស្ត្រី និងយុវជន ក្នុងការអភិវឌ្ឍជាតិ ។ យើងជឿជាក់ថា ក្មេងស្រីម្នាក់ដែលទទួលបានការអប់រំល្អ, មានសុវត្ថិភាព, មានទំនុកចិត្តលើខ្លួនឯង និង មានឱកាសចូលរួមក្នុងសង្គម មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចជួយផ្លាស់ប្តូរគ្រួសាររបស់គាត់, សហគមន៍របស់គាត់ និងប្រទេសជាតិរបស់គាត់ ផងដែរ ។ ទន្ទឹមនេះ, រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់យ៉ាងមុតមាំថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ, សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ ។

ជាទីបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានរំលេចអំពីតួនាទីសំខាន់ណាស់របស់កាយឫទ្ធិនារី ក្នុងការបណ្ដុះភាពជាអ្នកដឹកនាំអាចចាប់ផ្តើមពីសកម្មភាពតូចៗ មានដូចជា ការជួយមិត្តភក្តិ, ការគោរពវិន័យ, ការបម្រើសហគមន៍, ការការពារបរិស្ថាន, ការថែរក្សាអ្នកងាយរងគ្រោះ និងការរួមចំណែកដើម្បីសុខដុមរមនាក្នុងសហគមន៍ ។ សកម្មភាពតូចៗទាំងនេះ ប្រសិនបើធ្វើដោយចិត្តស្មោះត្រង់ និងធ្វើបន្តបន្ទាប់ អាចក្លាយជាកម្លាំងដ៏ធំមួយសម្រាប់សង្គមទាំងមូល។ ពីក្មេងស្រីដែលចូលរួមបម្រើសង្គម រហូតដល់ស្ត្រីដែលឈានមុខក្នុងភាពជាអ្នកដឹកនាំ, ការលើកកម្ពស់ស្ត្រី ជាការលើកកម្ពស់ជាតិ និងជាការពង្រឹងអនាគតរួមរបស់ពិភពលោក ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia