Connect with us

ព័ត៌មាន

វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីធុរកិច្ចកូរ៉េ

អ៊ីនឆ័ន៖ វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីធុរកិច្ចកូរ៉េ នៅក្នុងសហប្រតិបត្តិការ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរការឈានដល់កម្រិតកំពូលថ្មី និងជាការបើកផ្លូវដល់លំហូរវិនិយោគិនកូរ៉េ មកបណ្តាក់ទុននៅកម្ពុជាបន្ថែម។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ឆ្នាំ២០២៦, ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នោះត្រូវ បានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ រវាង ក.អ.ក. រួមជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) ដោយមានការអញ្ជើញចូលរួមពីវិនិយោគិន និងតំណាងក្រុមហ៊ុនធំៗ ឈានមុខរបស់កូរ៉េខាងត្បូងយ៉ាងច្រើនកុះករ។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងយុទ្ធសាស្ត្រដើម្បីបង្ហាញ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវសក្តានុពលវិនិយោគដ៏សម្បូរបែប កាលានុវត្តធុរកិច្ច និងបរិយាកាសកែទម្រង់ប្រកបដោយភាពអនុគ្រោះខ្ពស់របស់កម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច និងវិនិយោគិនកូរ៉េ ខាងត្បូង សំដៅជំរុញការសម្រេចចិត្តពង្រីកការវិនិយោគមកកាន់កម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនោះបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការត្រៀមខ្លួនរួចជាស្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វាគមន៍ និងផ្តល់នូវកិច្ចសម្របសម្រួលគ្រប់បែបយ៉ាង ប្រកបដោយភាពកក់ក្តៅជូនដល់វិនិយោគិនកូរ៉េ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រោមឆ័ត្រនៃច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា, វិនិយោគិននឹងទទួលបាននូវកញ្ចប់លើកទឹក ចិត្តជាច្រើន អត្ថប្រយោជន៍ផ្នែកសារពើពន្ធដ៏ទាក់ទាញ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងយន្តការគាំពារវិនិយោគប្រកបដោយទំនុកចិត្ត។

វេទិកាផ្សព្វផ្សាយវិនិយោគអ៊ីនឆ័ន-កម្ពុជាឆ្នាំ២០២៦, ដែលរៀ​បចំឡើងនៅទីក្រុងអ៊ីនឆ័ននេះ ទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានធុរកិច្ចកូរ៉េ ដែលនេះជាសក្ខីភាពសហប្រតិបត្តិការដ៏រឹងមាំ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) នៅក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេស ទាំងពីរ ឱ្យឈានដល់កម្រិតកំពូលថ្មីមួយទៀត ព្រមទាំងបើកផ្លូវយ៉ាងទូលំទូលាយ សម្រាប់រលកនៃការវិនិយោគថ្មីៗពីសាធារណរដ្ឋកូរ៉េ មកកាន់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៤៧៦ លាន ដុល្លារ កើនជាង ៣១ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ១៧០ លានដុល្លារ និងនាំចូលពីកូរ៉េជាង ៣០០ លាន ដុល្លារ។ ចំពោះទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន៖ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង, គ្រឿងបន្លាស់រថយន្ត, ស្បែកជើង និងផលិតផល ក្នុងវិស័យកសិកម្មមួយចំនួន។ ចំណែកការនាំចូលពីកូរ៉េវិញរួមមាន៖ រថយន្ត, ប្រេងម៉ាស៊ូ, វាយនភណ្ឌ, ភេសជ្ជៈ និងគ្រឿងបរិភោគ-ឧបភោគជាដើម៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia