Connect with us

ព័ត៌មាន

ផលិតផលជាតិបានដាក់តាំងលក់នៅផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង ៦០០ទីតាំង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #Made​InCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងបាននាំយកផលិតផលក្នុងស្រុកទៅតាំងលក់នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ទូទាំងប្រទេសចំនួនជាង៦០០ ទីតាំង ខណៈមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តាមរយៈយុទ្ធនាការនេះ បាននាំឱ្យផលិតផលជាតិ បានកើនដល់ប្រមាណ ៥០% ដែលបានច្រៀតចូលទៅក្នុងផ្សារទំនើបធំៗ នៅរាជធានីភ្នំពេញ​ និងប្រមាណ ៣០% នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅតាមបណ្តាខេត្តនានា។

ក្រសួងពាណិជ្ជកម្ម បន្តថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី “ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំពេញ។ យុទ្ធនាការផលិតផលជាតិ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ និងជំរុញការដាក់លក់ ផលិតផលក្នុងស្រុកឱ្យកាន់ទូលំទូលាយ នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia”គឺឱកាសសម្រាប់ពង្រីកការផ្សព្វផ្សាយផលិតផលជាតិឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យពួកគាត់ប្រើប្រាស់ផលិតផលរបស់ខ្មែរកាន់តែច្រើន​។​ ជាក់ស្តែង តាមរយៈ យុទ្ធនាការផលិតផលជាតិ បាននាំឱ្យផលិតផលខ្មែរ​ប្រមាណ ៥០% ត្រូវបានដាក់តាំងលក់នៅតាមបណ្តាផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ ។ឯកឧត្តម កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋកាន់តែជំនឿទុកចិត្តមកប្រើប្រាស់ផលិតផលខ្មែរកាន់ខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​

បើតាម ឯកឧត្តម ប៉ែន សុវិជាតិ ផលិតផលខ្មែរជាច្រើនបាននិងកំពុងជំនួសឱ្យផលតិផលនាំចូលមួយចំនួន​ ដូចជា មីជាតិ បាន​ចាក់បញ្ជូលក្នុងទីផ្សារក្នុងស្រុក កើនដល់ ៨៣.៣%, ប្រេងឆា ២១,៩%, ទឹកដោះគោ ៣១.១% ហើយ ផលិតផលពីគ្រឿងទេ​ស ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ បានច្រៀតចូលក្នុងទីផ្សារ​ស្ទើរតែ ១០០% ខណៈដែល សាប៊ូដុសខ្លួន ៥៨%, សាប៊ូបោកខោអាវ និងទឹកក្រអូប មានចំនួន ២៨% និងសាប៊ូលាងចាន ៤២% និងផលិតផលប្រភេទ អាហារសម្រន់ ៤២ % និងមានផលិតផលខ្មែរជាច្រើនប្រភេទទៀត៕អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia