Connect with us

ព័ត៌មាន

ច្បាប់ភូមិបាល ច្បាប់សំណង់ លិខិបទដ្ឋានគត្តិយុត្តិពាក់ព័ន្ធដីធ្លីត្រូវបានផ្សព្វផ្សាយដល់មន្ត្រីមូលដ្ឋានក្នុងស្រុកបាកាន

ពោធិ៍សាត់៖ ច្បាប់ភូមិបាល ច្បាប់សំណង់ លិខិតបទដ្ឋានគតិយុត្តិ និងសម្រង់ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់និងការបែងចែកលើដីធ្លី ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានផ្សព្វផ្សាយជូនដល់មន្ត្រីនិងអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកបាកានចំនួន១៧០នាក់ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុក។

លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានសម្តែងការស្វាគមន៍ដល់ក្រុមការងារមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ដែលបានចុះមកផ្សព្វផ្សាយច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តនានាជូនដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកបាកាន ដើម្បីបានយល់ដឹង និងផ្សព្វផ្សាយបន្តនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកបានលើកឡើងថា បាកាន គឺជាស្រុកមួយក្នុងចំណោមស្រុក ក្រុងទាំង៧នៃខេត្តពោធិ៍សាត់ គឺជាស្រុកមួយមានអំណោយផលផ្នែកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងប្រជានេសាទ។ ក្នុងនាមអាជ្ញាធរស្រុក បានចាត់ទុកថា នេះគឺជាឱកាសមួយដ៏មានសារៈសំខាន់ណាស់ ដែលអាជ្ញាធរភូមិ ឃុំ និងអ្នកពាក់ព័ន្ធត្រូវតែខិតខំព្យាយាម និងយកចិត្តទុក​ដាក់នូវការធ្វើបទបង្ហាញពីសំណាក់ក្រុមការងារសម្រាប់យកទៅផ្សព្វផ្សាយ និងអនុវត្តឱ្យចំគោលដៅ ដើម្បីរួមចំណែកកាត់បន្ថយនូវរាល់វិវាទដីធ្លី និងបញ្ហាប្រឈមផ្សេងៗដែលតែងតែកើតមានកន្លងមក។

លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានថ្លែងថា ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញនូវសមរភូមិ៩គឺ១-ការរៀបចំផ្ទះសម្បែងឱ្យបានរៀបរយ ២-កសាងនិងពូនជ្រុំរដ្ឋបាលសាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ ៣-បង្កើតនីវបរិយាកាសគ្មានវិវាទ ៤-រៀបចំដែនដីនិងនគរូបនីយកម្ម ៥-កិច្ចការលំនៅឋាន ៦-គោលនយោបាយសម្បទានដើម្បីសង្គមកិច្ចនិងសេដ្ឋកិច្ច ៧-ស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា ៨-ការងារកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនិង៩-កម្ពុជារុងរឿង។

លោកប្រធានមន្ទីរ បានជម្រាបជូនថា ច្បាប់ភូមិបាល ច្បាប់សំណង់ និងលិខិតបទដ្ឋានគតិយុត្តិ និងសម្រង់ច្បាប់ស្តីការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកលើដីធ្លី ត្រូវបានមន្ទីរជំនាញធ្វើការផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណងធានាប្រសិទ្ធិភាពនិងចីរភាព។ លោកបានបញ្ជាក់ថា ដើម្បីឱ្យស្របតាមសក្តានុពលនៃធនធានដីនិងជម្រុញការអភិវឌ្ឍន៍ព្រមទាំងការផ្តល់សេវាសាធារណៈឱ្យកាន់តែមានភាពងាយស្រួលនិងរហ័សទាន់ចិត្ត និងតាមវិធានការនៃគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយនោះ ក្រសួងតែងតែបានណែនាំដល់មន្ត្រីជំនាញនិងអាជ្ញាធរដែលមានការពាក់ព័ន្ធត្រូវចូលរួមផ្សព្វផ្សាយអំពីច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តិឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ព្រោះថានាពេលកន្លងមកនេះករណីសាងសង់សំណង់រឹងមួយចំនួនមិនទាន់យល់អំពីច្បាប់ បង្កការប៉ះពាល់ពេលវេលា និងខាតបង់ថវិកាយ៉ាងធ្ងន់ធ្ងរ ដូច្នេះមុននឹងធ្វើការសាងសង់សំណង់អ្វីមួយត្រូវអនុវត្តទៅតាមច្បាប់ភូមិបាល ច្បាប់សំណង់ ព្រមទាំងអនុក្រឹត្យ ប្រកាសនិងសេចក្តីណែនាំ ដោយមិនអនុញ្ញាតិឱ្យមានសកម្មភាពខុសច្បាប់កើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀតឡើយ៕  ដោយ ៖ ភារុន

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia