ព័ត៌មាន
សំណុំរឿងរំដោះអ្នកទោសនៅខេត្តស្វាយរៀង៖ ផ្តន្ទាទោសមនុស្សចំនួន ៨នាក់ ពី ១៨ខែ រហូតដល់ ១៤ឆ្នាំ
ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀងបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សាលាដំបូងខេត្តស្វាយរៀង បានបើកសវនាការជាសាធារណៈដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៨៤១ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ទាក់ទិននឹង ការរំដោះអ្នកទោសក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្រោយពីបានបញ្ចប់សវនាការ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ តុលាការបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទតាមរយៈសាលក្រមព្រហ្មទណ្ឌលេខៈ ៣២៨ (ខ) ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដែលមានខ្លឹមសារដូចខាងក្រោម៖
១-ផ្តន្ទាទោសលើឈ្មោះ ផាម វ៉ាន់បាវ (PHAN VAN BAO) អាយុ ២៩ឆ្នាំ (បុរសដែលកាន់អាវុធ និងជាប្តីរបស់ស្ត្រីឈ្មោះ ង្វៀង ធីហាយវ៉ាន់) ដាក់ពន្ធនាគារកំណត់ ១៤ (ដប់បួន) ឆ្នាំ ពីបទៈ ផ្តើមគំនិតក្នុងអំពើ លួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ, លួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ, ប៉ុនប៉ង ឃាតកម្ម, ទិញលក់អាវុធដោយគ្មានការអនុញ្ញាត និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ មាត្រា ២៨ មាត្រា ១៩៩ មាត្រា ៥៦០ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ តាមមាត្រា ៨ មាត្រា ២៣ និង មាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
២-ផ្តន្ទាទោសលើឈ្មោះ ឡេ វាំងមិនហ្វុង (LE QUANG THANH) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ វៀតណាម ដាក់ពន្ធនាគារកំណត់ ១៤ (ដប់បួន) ឆ្នាំ ពីបទៈ ផ្តើមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោសដោយ ប្រើប្រាស់អាវុធ, លួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ, ប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធដោយ គ្មានការអនុញ្ញាត តាមមាត្រា ២៧ មាត្រា ២៨ មាត្រា ១៩៩ មាត្រា ៥៦០ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ និងតាមមាត្រា ៨ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។
៣-ផ្តន្ទាទោសលើឈ្មោះ ចឹង ថាញ់ហឹង (TRAN THANH HUNG) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ វៀតណាម
៤-ឈ្មោះ យឿង ហ្វុកដាក (DUONG PHUC DAT) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម
៥-ឈ្មោះ ង្វៀង វ៉ាន់សឹង (NGUYEN VAN SON) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម ដាក់ ពន្ធនាគារកំណត់ ៨ (ប្រាំបី) ឆ្នាំ ក្នុងម្នាក់ៗ ពីបទ: លួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ តាម មាត្រា ៥៦០ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ។
៦-ផ្តន្ទាទោសលើឈ្មោះ ស៊ីន ហាវ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ ៩ (ប្រាំបួន) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩ ០០០ ០០០ រៀល ពីបទ: លួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា ៥៦០ មាត្រា ៥៦៤ និងមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
៧-ផ្ដនាទោសលើឈ្មោះ ង្វៀង ធីហាយវ៉ាន់ (NHUYEN THI HAI VAN) (ស្រីដែលយកអាវុធឱ្យប្តី) អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម ដាក់ពន្ធនាគារកំណត់ ៨ (ប្រាំបី) ឆ្នាំ ពីបទ: ផ្តល់មធ្យោបាយលួចរត់មានស្ថាន ទម្ងន់ទោស, សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ, សមគំនិតក្នុងអំពើទិញលក់ អាវុធដោយគ្មានការអនុញ្ញាត និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៩ មាត្រា ៥៦០ មាត្រា ៥៦៤ និងមាត្រា ៥៦៦ នៃក្រមព្រហ្មទណ្ឌ, តាមមាត្រា ៨ មាត្រា ២៣ និងមាត្រា ២៤ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
បទល្មើសខាងលើប្រព្រឹត្តនៅក្នុងបរិវេណសាលាដំបូងខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
៨-ផ្តន្ទាទោសលើឈ្មោះ កែវ សុធី ហៅ ថាន់ហ្វូង ភេទប្រុស អាយុ ២៦ឆ្នាំ ដាក់ពន្ធនាគារកំណត់ ១៨ (ដប់ប្រាំបី) ខែ និងពិន័យជាប្រាក់ចំនួន ១ ៥០០ ០០០ រៀល ពីបទ: ទិញលក់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមមាត្រា ២០ នៃច្បាប់ស្តីពីការ គ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។
ក្រៅពីទោសដាក់ពន្ធនាគារខាងលើ តុលាការក៏បានសម្រេចទោសបន្ថែម ដោយហាមឃាត់ការចូល ការស្នាក់នៅជាស្ថាពរ និងបានសម្រេចបណ្តេញចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះពិរុទ្ធជនជាជនជាតិវៀតណាមទាំងអស់ខាងលើផងដែរ ក្រោយអនុវត្តទណ្ឌកម្មក្នុងពន្ធនាគារចប់ជាស្ថាពរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីរំដោះអ្នកទោសចេញពីបរិវេណសាលាដំបូងខេត្តស្វាយរៀង ខណៈដែលមន្ត្រីអនុរក្សពន្ធនាគារបាន នាំអ្នកទោសទាំងនោះ មកចូលរួមនីតិវិធីនៅតុលាការ ហើយសកម្មភាពនេះ ផ្តើមគំនិតដោយពិរុទ្ធជនឈ្មោះ ផាម វ៉ាន់បាវ ត្រូវជាប្តីរបស់ពិរុទ្ធជនឈ្មោះ ង្វៀង ធីហាយវ៉ាន់ ដែលជាអ្នកទិញអាវុធយកទៅឱ្យប្តី ដើម្បីបាញ់ រំដោះគេចខ្លួន។ ក្រោយរត់គេចខ្លួនបានមួយរយៈ ពិរុទ្ឋជនទាំងអស់ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនមកវិញ បានទាំងអស់ និងនាំមកផ្តន្ទាទោសតាមច្បាប់៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣