ព័ត៌មាន
គណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ខេត្តត្បូងឃ្មុំ៖ គណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោ សុន្ទរ៍ធារី អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការំលឹកគុណជូនដល់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ព្រមទាំងវីរកងទ័ព និងវីរនគរបាលជាតិ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៩ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦) នៅបរិវេណមហាចេតិយ នៃតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ដែលស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់បំផុត ដែលស្តែងឱ្យឃើញពីចំណុចចាប់ផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការសង្គ្រោះជាតិមាតុភូមិ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺនៅទីតាំងកោះថ្ម X16 នេះហើយ ដែលសម្តេចតេជោ ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការដូរយកជីវិតធ្វើជាដើមទុន ធ្វើដំណើរឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរៀបចំកងកម្លាំងប្រដាប់អាវុធ រហូតឈានទៅបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងការរំដោះប្រទេសជាតិទាំងមូលឱ្យរួចផុតពីរបបវាលពិឃាតនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនោះ បានផ្តួចផ្តើមសាងសង់តំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នេះឡើង ក្នុងគោលបំណងប្រែក្លាយអតីតសមរភូមិ និងតំបន់ព្រំដែនដែលធ្លាប់តែរងការបំផ្លិចបំផ្លាញដោយសារភ្លើងសង្គ្រាម ឱ្យទៅជាតំបន់ប្រវត្តិសាស្ត្រ ការពារបូរណភាពទឹកដី អភិវឌ្ឍន៍ និងសន្តិភាព។ ទីតាំងនេះត្រូវបានរៀបចំសាងសង់នូវសំណង់ប្រវត្តិសាស្ត្រជាច្រើន រួមមាន៖ មហាចេតិយ សាលាសំណាក់ តាំងបង្ហាញរូបថតសម័យយោធា និងការដាំដើមឈើអនុស្សាវរីយ៍ជាដើម ដែលបានចំណាយពេលរៀបចំ និងស្ថាបនាយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្ត និងក្រសួងការពារជាតិ រហូតលេចចេញជាសមិទ្ធផលជាបន្តបន្ទាប់ សម្រាប់ទុកជាមរតកដ៏ឧត្តុង្គឧត្តមដល់កូនខ្មែរគ្រប់ជំនាន់។
ការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធរបស់គណៈប្រតិភូអគ្គលេខាធិការដ្ឋានរដ្ឋសភានាឱកាសនេះ មិនត្រឹមតែជាការសម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតចំពោះវីរជនជំនាន់មុនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំផុសស្មារតីស្នេហាជាតិ ការពារសន្តិភាព និងការលះបង់ដ៏ខ្ពង់ខ្ពស់ក្នុងការការពារជាតិមាតុភូមិ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ស្វែងយល់ពីតម្លៃពិតនៃប្រវត្តិសាស្ត្រ និងយកតម្រាប់តាមជាដរាបតទៅ៕







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច