ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាឆ្នាំ២០០៣ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» ដែលប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Khaled El-Enany អគ្គនាយកអង្គការយូណេស្កូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការយូណេស្កូ ព្រមទាំងបញ្ជាក់ជាថ្មីនូវសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ ថែរក្សា អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ទាំងរូបី និងអរូបី។
ឯកឧត្តមក៏បានបង្ហាញពីតួនាទី និងការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូការក្នុងការប្រើប្រាស់វប្បធម៌ និងបេតិកភណ្ឌវប្បធម៌ជាស្ពានសម្រាប់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការលើកកម្ពស់សន្តិភាព ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងជម្លោះ និងភាពតានតឹងនៅតំបន់ជាច្រើន។
កិច្ចពិភាក្សាបានផ្តោតជាសំខាន់លើការអនុវត្តកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ស្របតាមគោលការណ៍នៃអនុសញ្ញាឆ្នាំ២០០៣។
ក្នុងនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ និងឯកឧត្តមអគ្គនាយក បានផ្លាស់ប្តូរយោបល់អំពីការរៀបចំព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិករបស់ព្រះរាជាណាចក្រកម្ពុជាក្នុងអង្គការយូណេស្កូ ព្រមទាំងផែនការដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គនាយកមកកាន់កម្ពុជា ក្នុងឱកាសកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនិយាយភាសាបារាំង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ ដែលនឹងជាឱកាសដ៏សំខាន់ក្នុងការរំលេចសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងយូណេស្កូ ក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍កន្លងមក។



-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ