Connect with us

ព័ត៌មាន

ទេសចរជាតិ-អន្ដរជាតិ៖ អាកាសយានដ្ឋានតេជោ ស័ក្ដិសមនឹងចំណាត់ថ្នាក់​អាកាស​យានថ្មី​ល្អ​លំដាប់​ពិភពលោក

ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិ ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ពិតជា​ស័ក្កិសម​នឹង​ចំណាត់ថ្នាក់ ជាអាកាសយានដ្ឋានអន្ដរជាតិថ្មី ដ៏ស្រស់ស្អាត និងទំនើបស្ដង់ដារ លំដាប់​ពិភពលោក​។

ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរទៅក្រៅប្រទេស បានប្រាប់ BTV នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២៦​នេះថា រាល់ពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ (KTI) ពួកគេ មាន​អារម្មណ៍រំភើប និង​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​អាកាស​យាន​ដ្ឋាន​ដ៏​អស្ចារ្យ​របស់​កម្ពុជា​មួយ​នេះ។​ អ្វីដែលពួកគេ ពេញចិត្តបំផុត គឺរចនាបថខ្មែរ អង្គបដិមាដ៏ធំដែលប្រៀបបាន ជាកា​រ​ឱ្យ​ពរ​ជ័យ​ដល់​អ្នកដំណើរចេញចូលកម្ពុជា។ ហើយការទទួលបានចំណាត់ថ្នាក់ ជាអាកាសយានដ្ឋាន​អន្ដរ​ជាតិ​ថ្មីល្អបំផុត និងស្រស់ស្អាតបំផុត លើពិភពលោក គឺពិតជាស័ក្ដិសមបំផុត។

ចំណែកភ្ញៀវទេសចរបរទេស មកពីប្រទេសបារាំង និងឥណ្ឌា ដែលធ្វើដំណើរមកលេងកម្ពុជា បាន​ប្រាប់​ថា ​ពួកគេស្រឡាញ់កម្ពុជា ពីព្រោះមានអារម្មណ៍ថា កក់ក្ដៅដូចជានៅប្រទេសរបស់ពួកគេ។ ហើយ​ចំពោះបរិយាកាសនៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ពួគគេពេញចិត្ត ពីព្រោះសេវាកម្ម​បម្រើ​អតិថិជនប្រកបដោយយកចិត្តទុកដាក់ខ្ពស់។

សូមជម្រាបជូនថា អាកាសយានដ្ឋានអន្ដរជាតិតេជោ (KTI) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ត្រូវ​បាន Skytrax World Airport Awards ផ្ដល់ចំណាត់ថ្នាក់លេខ ៥ បន្ទាប់ពីប្រទេស ឥណ្ឌា អាមេរិក, ចិន និងជប៉ុន ដែលជាស្ថានីយអាកាស ថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026) ដោយផ្អែកលើការវាយតម្លៃ ទៅលើវិសាលភាពពេញលេញ នៃ​បរិក្ខា, សេវាកម្មមានគុណភាព និងបទពិសោធន៍របស់អ្នកដំណើរ។ ហើយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២៦នេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានចាត់ថ្នាក់លេខ ៧ ជាអាកាស​យាន​ដ្ឋាន​ ដ៏ស្រស់ស្អាតបំផុតមួយ របស់ពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ Prix Versailles 2026។ ចំណាត់ថ្នាក់នេះ ត្រូវបានផ្ដល់ជូនដោយផ្អែកលើ ស្ថាបត្យកម្មវិសេស ប្រកបដោយភាពច្នៃប្រឌិត ស្ដង់ដារទំនើប និងការរំលេចនូវវប្បធម៌របស់ខ្លួន បង្ហាញ​ដល់​អ្នក​ដំណើរ​ឆ្លង​កាត់​កម្ពុជាតាមជើងអាកាស៕ អត្ថបទ៖ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia