ព័ត៌មាន
សម្ដេចតេជោ ជំរុញឱ្យកម្ពុជា និងបេឡារុស ពង្រឹង-ពង្រីក វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀត ខណៈប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសបេឡារុស ពង្រឹង-ពង្រីក វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀត ខណៈប្រទេសទាំងពីរមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យ ឯកឧត្តម អ៊ូឡាដ្សីមៀ បារ៉ាវីកូវ (Uladzimir Baravikou) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុស ហើយសម្ដេចតេជោ ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបេឡារុសដែលមានទំនាក់ទំនងដ៏ល្អជាមួយគ្នា។ សម្ដេចតេជោ សង្ឃឹមថា ក្នុងបេសកកម្មរបស់ឯកឧត្តម ឯកឧត្តម អ៊ូឡាដ្សីមៀ បារ៉ាវីកូវ ជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជានឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបេឡារុស កាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតបេឡារុស បានសម្ដែងនូវការអរគុណជាអនេកប្បការដែលសម្ដេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តម ក៏បានលើកឡើងទំពីទំនាក់ទំនងរវាងកម្ពុជា និងបេឡារុសដែលមានជាយូរមកជាមួយគ្នា និងរំឭកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសបេឡារុសជាពិសេសនៅក្នុងឆ្នាំ២០១៤ នៅពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្រ្ដីដែលបានពូនជ្រំនៃទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ បន្ថែមពីលើនេះឯកឧត្តមបានលើកឡើងថា កម្ពុជា និងបេឡារុស មានគោលដៅស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបេឡារុស ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី គឺមានសក្ដានុពលដែលត្រូវធ្វើជាមួយគ្នាជាច្រើនទៀត ក្នុងនោះឯកឧត្តមលើកឡើងថា ប្រទេសទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ។ នៅក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរត្រូវតែជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង, ឯកឧត្តមបន្តថា បេឡារុស បានចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្នែកគ្រឿងចក្រកសិកម្មត្រាទ័រ រួមជាមួយវិស័យទេសចរណ៍ផងដែរ ដោយឯកឧត្តមជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នាដើម្បីឱ្យទំនាក់ទំនងប្រជាជនទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរទៅវិញទៅមកឱ្យកាន់តែមានការកើនឡើងថែមទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបេឡារុស បានរំលេចផងដែរអំពីការបង្កើននូវអាហារូបករណ៍ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជា និងបេឡារុសឱ្យមានការកើនឡើងបន្ថែមទៀត។ ឯកឧត្តមក៏ជំរុញបន្ថែមទៀតដែរឱ្យមានការពិភាក្សាគ្នាបន្ថែមទៀតនៅក្នុងក្របខណ្ឌនយោបាយរវាងប្រទេសទាំងពីរ ជាពិសេសក្រសួងការបរទេសប្រទេសទាំងពីរដើម្បីជំរុញនូវទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតបេឡារុស ជាពិសេសជំពោះគំនិតផ្គួចផ្ដើមជុំវិញការជំរុញទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស។ សម្ដេចក៏បានរំឭកអំពីអតីតកាលរបស់សម្ដេចដែលធ្លាប់ទៅទស្សនកិច្ចនៅបេឡារុសជាច្រើនដង និងលើកចុងក្រោយនៅឆ្នាំ២០១៤។ សម្ដេចតេជោ ក៏ពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ចំពោះការជំរុញពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែមានការកើនឡើងផងដែរ។ សម្ដេចតេជោ បានសង្គត់ធ្ងន់ថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងបេឡារុស គឺត្រូវពឹងផ្អែកទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាមួយគ្នា ហើយសង្ឃឹមថាប្រទេសទាំងពីរ និងមានអត្រានៃកំណើនពាណិជ្ជកម្មជាមួយគ្នាកើនឡើងបន្ថែមទៀត។
សម្ដេចតេជោ បញ្ជាក់ថា កម្ពុជា និងបេឡារុស គឺមានលក្ខណៈសេដ្ឋកិច្ចបំបេញឱ្យគ្នាទៅវិញទៅមក ដែលសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវញទៅមកបែបនេះនឹងផ្ដល់អំណោយផលដល់ការលូតលាស់យ៉ាងឆាប់រហ័សផងដែរ។ សម្ដេចតេជោ សង្ឃឹមថា ប្រទេសទាំងពីរនឹងមាននូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពាជាតិ និងវិស័យនានា ដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ក្នុងគោលដៅធ្វើយ៉ាងណាជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរឹងមាំ ស៊ីជម្រៅ និងកាន់តែយល់គ្នាបន្ថែមទៀត៕



-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ