ព័ត៌មាន
ពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន ជំរុញពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគរួម
ភ្នំពេញ៖ កម្ពុជា និងចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការរៀបចំពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន លើកទី២ ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្កើតវេទិកាឱ្យសហគ្រាសនៃប្រទេសទាំងពីរបានតាំងបង្ហាញផលិតផល ពង្រីកបណ្តាញធុរកិច្ច និងស្វែងរកឱកាសចាប់ដៃគូវិនិយោគរួមគ្នាក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្ម។
លោកជំទាវ សុមេធ សុមនា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានសុន្ទរកថាបើកនាព្រឹកនេះថា ការជួបជុំគ្នានាព្រឹកនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការដាក់តាំង បង្ហាញនូវសេវាកម្ម និងផលិតផលគុណភាពខ្ពស់ជាច្រើន រាប់ចាប់ពីសម្ភារៈបរិក្ខារអគ្គិសនី គ្រឿង អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត គ្រឿងវាយនភណ្ឌ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន រហូតដល់ ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងគម្រោងវិនិយោគនានា។ នេះជាឱកាសសម្រាប់សហគ្រាស នៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងការបង្កើនទំនុកចិត្តលើម៉ាកសញ្ញាផលិតផលខ្លួន បង្កើតបណ្តាញទំនាក់ទំនង និងស្វែងរកឱកាសចាប់ដៃគូវិនិយោគរួមគ្នាក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម និងឧស្សាហកម្ម។
លោកជំទាវ សង្ឃឹមយ៉ាងមុតមាំថា៖ «តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់ នាថ្ងៃនេះ ពាណិជ្ជករ សហគ្រិន វិនិយោគិន និងធុរជនទាំងក្នុង និងក្រៅប្រទេស នឹងដណ្តើមយក ឱកាសជួបប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរព័ត៌មាន បង្កើតបណ្តាញសហប្រតិបត្តិការ និងជំរុញការវិនិយោគ។ ខ្ញុំក៏សូមលើកទឹកចិត្តដល់ក្រុមហ៊ុន និងដៃគូពាក់ព័ន្ធទាំងអស់ ឱ្យបន្តគំនិត ផ្តួចផ្តើមរៀបចំពិព័រណ៍ពាណិជ្ជកម្មបែបនេះនៅកម្ពុជាជាបន្តបន្ទាប់ទៀត ដើម្បីធានាបាននូវភាព ប្រកួតប្រជែងខ្ពស់ និងបង្កើនការយល់ដឹងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា»។
ក្នុងឱកាសនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងថា ការរៀបចំពិព័រណ៍លើកទី២នេះ គឺជាសក្ខីភាពសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីភាពជោគជ័យឥតឈប់ឈរ និងការរីកលូតលាស់នៃ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាង កម្ពុជា-ចិន ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាសម្រាប់ តាំងបង្ហាញផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា «ស្ពានមាស» ក្នុងការតភ្ជាប់ បណ្តាញធុរកិច្ច បង្កើតឱកាសវិនិយោគថ្មីៗ និងពង្រឹងខ្សែច្រវាក់ ផ្គត់ផ្គង់នៅក្នុងតំបន់ ក៏ដូចជា កម្ពុជា ឱ្យកាន់តែរឹងមាំ។
អ្នកឧកញ៉ា មានក្តីសង្ឃឹមយ៉ាងមុតមាំថា៖ « ក្នុងរយៈពេល ៣ថ្ងៃ នៃពិព័រណ៍នេះ ធុរជន និងវិនិយោគិនទាំងអស់ នឹងអាចស្វែងរកដៃគូពាណិជ្ជកម្ម ដ៏មាន សក្តានុពល និងឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀង ធុរកិច្ច ប្រកបដោយផ្លែផ្កាជាច្រើន»។
សូមបញ្ជាក់ថា ពិព័រណ៍ផលិតផលអាស៊ាន កម្ពុជា-ចិន លើកទី២ ត្រូវបានរៀបចំឡើងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩-២១ ខែមិថុនា ឆ្នាំ២០២៦។ កម្ពុជា-ចិន បានបន្តគាំទ្រ និងជំរុញឱ្យមានការរៀបចំការតាំងពិព័រណ៍នេះ នៅឆ្នាំ២០២៧ បន្តទៀត ព្រមទាំង លើកទឹកចិត្តដល់ បណ្តាសហគ្រាស និងសមាគមនៅក្នុងស្រុកខ្មែរ ចូលរួមឱ្យបានច្រើន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព ការផ្គត់ផ្គង់ទំនិញ ទីផ្សារ រវាង ចិន និង កម្ពុជា ឱ្យកាន់តែរីកច្រើនឡើង៕ អត្ថបទ៖ ធូ វិរៈ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣