! Без рубрики
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ អញ្ជើញជាអធិបតី ពិធីអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦) និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៦) នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្មX16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ថា ពិធីរម្លឹកខួប៤៩ឆ្នាំនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ជឿងថាំង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្តប្រមូលផ្តុំគ្នា មុនចេញដំណើរទៅរកកិច្ចសហការពីភាគីវៀតណាម។
ការប្រារព្ធទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ២០២៦នេះ ត្រូវបានរៀបចំយ៉ាងអឹកអធិកមានការអញ្ជើញទៅដាក់កម្រងផ្កាពីអាជ្ញាធរគ្រប់រាជធានី-ខេត្ត ភ្ញៀវអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំមកពីគ្រប់ក្រសួង ស្ថាប័ន និងមហាជនជាច្រើនរយនាក់។
ឱ្យតែដល់ថ្ងៃទី២០ ខែមិថុនា អ្នកប្រវត្តិសាស្រ្ត រួមទាំងប្រជាជនកម្ពុជាទូទៅ តែងនឹកឃើញទៅដល់ថ្ងៃ ដែលសមមិត្តដ៏ស្មោះស្ម័គ្រនឹងគ្នា៥រូប រួមមានសមមិត្ត ហ៊ុន សែន សមមិត្ត នុច ថន សមមិត្ត ញឹក ហួន សមមិត្ត វ៉ា ប៉ោអ៊ាន និងសមមិត្ត ស៊ូ គីម ស្រ៊ាង (ហៅសាញ់) បានសម្រេចចិត្តធ្វើដំណើររួមគ្នាទាំងយប់ចេញពីតំបន់មួយ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅទិសខាងកើត ដើម្បីស្វែងរកជំនួយមករំដោះប្រជាជនកម្ពុជា ដែលរស់នៅក្រោមរបបយង់ឃ្នងខ្មែរក្រហម។
កាលនោះសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃ ជាទីស្រឡាញ់ បានធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត ដែលកំពុងកាន់អំណាច ហើយបាននិងកំពុងបន្តការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់។
រាត្រីកាលពី៤៩ឆ្នាំមុន ផ្តើមចេញពីទីតាំងកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់ អតីតខេត្តកំពង់ចាមនេះហើយ ដែលបានជួយកែវាសនាអនាគតនៃប្រទេសកម្ពុជា ក្នុងការជួយជំរុញការផ្លាស់ប្តូរមុខមាត់របស់ប្រទេសជាតិកម្ពុជា នៅលើឆាកអន្តរជាតិយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់។ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពិឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាង អភិវឌ្ឍប្រទេស ឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។
ជាមួយគ្នានេះរយៈពេល១ឆ្នាំ នៃការចេញដំណើរទៅកាន់ប្រទេសវៀតណាម របស់សមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តដ៏ស្មោះត្រង់៤រូប នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏ត្រូវបានបង្កើតឡើងដោយសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន រួមទាំងសមមិត្តផ្សេងទៀត ក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ គោលបំណងតែមួយគត់នៃការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា គឺដើម្បីរួមកម្លាំងគ្នាផ្តួលរំលំរបបខ្មែរក្រហម។ ចំពោះការបង្កើតរណសិរ្សនេះ អាចចាត់ទុកជាជំហានទី២។
ក្រោមជំនួយពីកងទ័ពវៀតណាម រណសិរ្សសង្គ្រោះជាតិកម្ពុជា បានផ្តួលរំលំរបបប្រល័យពូជសាសសន៍ខ្មែរក្រហមបានជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះ នៅថ្ងៃ៧មករា ឆ្នាំ១៩៧៩នេះ អាចចាត់ទុកជាជំហានទី៣។
គួរកត់សម្គាល់ថា ទោះបើជាខ្មែរក្រហម ដួលរលំហើយក្តី តែ កម្ពុជា មិនទាន់មាន សន្តិភាព ពេញលេញនោះទេ។ ពេលខ្មែរក្រហម ដួលរលំភ្លាមៗ រដ្ឋាភិបាលកម្ពុជា នៅមានការប្រយុទ្ធ គ្នា ជាមួយ ទ័ពខ្មែរក្រហមនៅឡើយ ដោយការនោះពួកគេនៅតែបន្តលាក់ខ្លួននៅ តាមតំបន់ ផ្សេងៗ ដូចជានៅ អន្លង់វែង ម៉ាឡៃ និងតំបន់តាមព្រំដែនជាដើម ។
តមកទៀត ថ្វីដ្បិតមេដឹកនាំ ខ្មែរក្រហមមាន នួន ជា និងខៀវ សំផន ជាដើម បានផ្តាច់ខ្លួន ចេញពីទ័ព ខ្មែរក្រហម មកចុះចូលជាមួយរដ្ឋាភិបាល ហើយរដ្ឋាភិបាលបានយកជ័យជម្នះទាំងស្រុងលើទ័ពខ្មែរក្រហម ដែលបន្តលាក់ខ្លួនទាំងនោះក្តី ក៏កម្ពុជាមិនទាន់អស់ការបំផ្ទុះអាវុធនោះដែរ។
ពោលសូម្បីតែមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ហើយក៏ដោយ ក៏កម្ពុជា តែមិនបង្រួបបង្រួមជាតិឱ្យស្ថិតក្រោមដំបូលរដ្ឋាភិបាលតែមួយបាននោះឡើយ។
ធ្វើដំណើររហូតដល់ឆ្នាំ១៩៩៦ សម្តេច ហ៊ុន សែន បានដាក់ចេញនូវ «នយោបាយឈ្នះឈ្នះ» ដែលជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ ដោយមិនចាំបាច់មានការបង្ហូរឈាមទ្រង់ទ្រាយធំជាថ្មីទៀត។
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៦ ត្រូវបានចាត់ទុកជាចំណុចចាប់ផ្តើមដ៏សំខាន់នៃលទ្ធផលជាក់ស្តែងរបស់នយោបាយឈ្នះឈ្នះ តាមរយៈការធ្វើសមាហរណកម្មកងពលធំលេខ១៨ របស់លោក កែវ ពង្ស ដែលជាកម្លាំងទ័ពដ៏សំខាន់របស់ខ្មែរក្រហម ជាមួយរាជរដ្ឋាភិបាល តាមរយៈនយោបាយឈ្នះឈ្នះ។
បន្ទាប់មក កម្លាំងទ័ពខ្មែរក្រហមនៅតំបន់ឱរ៉ាល់ ភ្នំក្រវាញ សំឡូត សំពៅលូន ប៉ៃលិន ម៉ាឡៃ និងអន្លង់វែង បានចូលរួមធ្វើសមាហរណកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ខ្មែរក្រហម ចាប់ផ្តើមបែកបាក់ និងរលំសាបសូន្យជាបណ្តើរៗ។
យុទ្ធសាស្ត្រ DIFID របស់សម្តេចតេជោ ហ៊ុន សែន នោះហើយ ដែលបានធ្វើឱ្យក្រុមខ្មែរក្រហម ត្រូវបែកបាក់ ឯកោ និងចូលរួមធ្វើសមាហរណកម្មដោយសន្តិវិធី ជំនួសការបន្តសង្គ្រាមដ៏បង្ហូរឈាម។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មេដឹកនាំខ្មែរក្រហមធំៗដែលនៅសេសសល់ បានប្រកាសបញ្ចប់ការតស៊ូប្រដាប់អាវុធ និងចូលរួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ។ ថ្ងៃនោះហើយ ដែលសង្គ្រាមស៊ីវិលជិត៣០ឆ្នាំរបស់កម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង។
នេះគឺជាលើកដំបូងក្នុងរយៈពេលជាង៥០០ឆ្នាំ ដែលកម្ពុជា ទទួលបានសន្តិភាពពេញលេញ ការឯកភាពទឹកដី និងអំណាចរដ្ឋតែមួយដោយពេញលេញ ដោយគ្មានតំបន់បែងចែក ឬកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋដូចនៅក្នុងអតីតកាលទៀតឡើយ។
នយោបាយឈ្នះឈ្នះ មិនត្រឹមតែជាយុទ្ធសាស្ត្របញ្ចប់សង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះប្រវត្តិសាស្ត្រនៃសន្តិភាព និងការឯកភាពជាតិរបស់កម្ពុជាសម័យទំនើប។
បើរាប់ចាប់តាំងពីថ្ងៃនៃការចាប់ផ្តើមស្វែងរកជំនួយក្នុងការផ្តួលរំលំរបបខ្មែរក្រហម រហូតដល់ថ្ងៃដែលទទួលបានសន្តិភាពពេញលេញអាចចាត់ទុកថា មាន៤ ដំណាក់កាលធំៗ ក្នុងប្រវត្តិសាស្រ្តកម្ពុជារួមមាន៖ ដំណាក់កាលទី១ គឺការធ្វើដំណើររបស់សមមិត្តទាំង៥រូប ដឹកនាំដោយ សមមិត្ត ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧, ដំណាក់កាលទី២ គឺការបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨, ដំណាក់កាលទី៣ គឺការផ្តួលរំលំរបបខ្មែរក្រហម បានសម្រេចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងដំណាក់កាលទី៤ គឺការទទួលបានសន្តិភាពពេញពេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន កំណត់ថាកម្ពុជាមានសន្តិភាពពេញលេញ និងមានឯកភាពជាតិ ទាំងស្រុង ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ មក ក្រោមនយោបាយឈ្ន ឈ្នះ ដែលដាក់ចេញដោយសម្តេច ហ៊ុន សែន។ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ អាចទុកជាជំហានចុងក្រោយ ក្នុងការស្វែងរកសុខសន្តិភាព។ ចំពោះរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៩ ខែធ្នូ ជា ថ្ងៃដ៏សំខាន់មួយសម្រាប់ប្រវត្តិសាស្ត្រ ហើយតែងតែប្រារព្ធពិធីរម្លឹកខួប ក្នុងថ្ងៃនេះជារៀងរាល់ឆ្នាំ។ ដោយយល់ថា ២៩ធ្នូ ជាថ្ងៃដ៏មានសារសំខាន់របស់រដ្ឋាភិបាលកម្ពុជា ទើបសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ដាក់បញ្ចូលថ្ងៃ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» និងជាថ្ងៃបុណ្យជាតិផ្លូវការជារៀងរាល់ឆ្នាំ។
កម្ពុជា ប្រៀបដូចជាកោះដ៏កម្សត់ដែលបានឆ្លងកាត់សង្គ្រាម និងការឈ្លានពានពីបរទេសយ៉ាងឆ្អែតឆ្អន់ទៅហើយ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសជារឿយៗយ៉ាងដាច់ណាត់ថាទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយកម្ពុជា ត្រូវតែរក្សាសន្តិភាពឱ្យបាន។
សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ចំខួប ៤០ឆ្នាំ នៃការចេញតស៊ូនេះ សម្តេចតេជោ ហ៊ុន សែន រួមនិងយុទ្ធមិត្តដែលនៅមានជីវិតពេលនោះ បានធ្វើដំណើររួមគ្នាទៅកាន់គ្រប់ចំណុចក្នុងដំណាក់កាលតស៊ូដើម្បីអនុស្សាវរីយ៍នោះឡើងវិញ។ ចាប់តាំងពីឆ្នាំ២០១៧ នោះមក ក្រសួងការពារជាតិ ក៏បានទទួលភារកិច្ចរៀប ចំប្រារព្ធពិធីមួយនេះជារៀងរាល់ឆ្នាំ។ បន្ថែមពីលើនោះ ក៏មានការរៀបចំសាងសង់នូវសំណង់នានា នៅលើតំបន់ប្រវត្តិសាស្ត្រមួយនេះផងដែរ ដើម្បីតម្កល់ទុកជាមរតកដល់មនុស្សជំនាន់ក្រោយ ដើម្បីរម្លឹកដល់ស្លាកស្នាមប្រវត្តិសាស្ត្រដ៏មានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន និងដើម្បីគាស់រំលើងឱ្យឃើញនូវវីរភាពរបស់កុលបុត្រខ្មែរក្នុងការតស៊ូដើម្បីជាតិ និងប្រជាជន៕









-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន6 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS3 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន6 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត