ព័ត៌មាន
ក្នុងស្មារតីជាតិតែមួយ ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តព្រះវិហារ នាំយកស្បៀងអាហារឧបត្ថម្ភជូនវីរកងទ័ពជួរមុខ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត
នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងការចូលរួមចំណែកថវិកាផ្ទាល់ខ្លួនរបស់លោកស្រីប្រធានមន្ទីរ ចុះទៅប្រគល់ជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន២គោលដៅ ស្ថិតក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសនោះ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុតពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងលោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ផ្ញើជូនដល់បងប្អូនវីរកងទ័ពជួរមុខទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនកងទ័ពនៅសមរភូមិមុខ។
ទន្ទឹមនឹងនេះ លោកស្រីប្រធានមន្ទីរ ក៏បានថ្លែងនូវការកោតសរសើរដោយស្មោះស្ម័គ្រ និងវាយតម្លៃខ្ពស់ចំពោះវីរភាពអង់អាចក្លាហាន ស្មារតីលះបង់ និងការតស៊ូអត់ធ្មត់គ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពទាំងអស់ ដែលបានខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ឈរជើងការពារខ្សែបន្ទាត់ព្រំដែន ដើម្បីសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅជួរក្រោយ។ លោកស្រីប្រធានមន្ទីរក៏បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ព និងបានប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ សូមឱ្យបងប្អូនវីរកងទ័ពទាំងអស់មានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចបំរើជាតិមាតុភូមិ។
អំណោយដែលបាននាំយកទៅប្រគល់ជូនដល់វីរកងទ័ពនាឱកាសនោះ រួមមាន៖ ទឹកបរិសុទ្ធចំនួន ៦០កេស ព្រមទាំងគ្រឿងឧបភោគបរិភោគ មានបន្លែស្រស់ៗចំនួន ៥មុខ, ត្រីស្រស់, ត្រីងៀត និងសាច់ជ្រូកមួយចំនួន។ ជាមួយគ្នានោះ លោកស្រីប្រធានមន្ទីរព័ត៌មានខេត្ត និងក្រុមការងារ ក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមទៀត សម្រាប់រៀបចំជាអាហារសាមគ្គីរួមគ្នាជាមួយបងប្អូនវីរកងទ័ព ដើម្បីបង្កើតនូវបរិយាកាសដ៏រីករាយ ស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត ជាមហាគ្រួសារតែមួយ។
សកម្មភាពចុះសាកសួរសុខទុក្ខ និងការចូលរួមអាហារសាមគ្គីនាឱកាសនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីសាមគ្គីភាព និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរវាង «សមរភូមិក្រោយ និងសមរភូមិមុខ» ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយគ្នា ផ្តល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមក ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជាឱ្យបានរឹងមាំ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣