Connect with us

ព័ត៌មាន

សហគ្រិនក្នុងស្រុក​ បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើង

សហគ្រិនក្នុងស្រុក​បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើងជារៀងរាល់ថ្ងៃ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ​យុទ្ធនាការជាច្រើន​ដើម្បីជំរុញ និងគាំទ្រការ​ប្រើប្រាស់ផលិតផលក្នុងស្រុកុ ដូចជា «ទិញផលិតផលខ្មែរមុនគេ» រួមជាមួយនឹងការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ ដែលកាន់តែគាំទ្រផលិតផលផលិតនៅក្នុងស្រុកបន្ថែមទៀត​។

ក្រុមសហគ្រិនដែលបានមកចូលរួមតាំងលក់នៅក្នុងពិព័រណ៌ផលិតផលអាស៊ាន កម្ពុជា-ចិន លើកទី២ បាន​លើកឡើងថា ស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋបន្តប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែខ្លាំងក្លា ដែលពួកគេផលិតស្ទើរមិនទាន់តម្រូវការប្រើប្រាស់នាពេលនេះ​។ ក្រុមសហគ្រិនទាំងនោះ បន្តថា មិនត្រឹមតែប្រជាពលរដ្ឋក្នុងស្រុកគាំទ្រប៉ុណ្ណោះទេ សូម្បីប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏គាំទ្រផលិតផលខ្មែរដែរ។

ក្រុមសហគ្រិន បានឱ្យដឹងទៀតថា ដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម បានជួយផ្សព្វផ្សាយផលិតផលក្នុងស្រុកបានកាន់តែទូលំទូលាយទៅកាន់​អ្នកប្រើប្រាស់​ តាមរយៈ​ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបាន​សម្ពោធដាក់ឱ្យប្រើប្រាស់កាសពីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពួកគេ អះអាងថា ផលិតផលខ្មែរ គឺមាន គុណភាព អនាម័យ និងការវេចខ្ចប់ស្របតាមស្តង់ដារ ទាំងទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ មេសា ត្រូវនឹង​ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៩ ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាព និងតម្លៃ។ ការជ្រើសរើស និងគាំទ្ររបស់បងប្អូន គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និងភាពធន់ចំពោះបញ្ហាប្រឈមគ្រប់ប្រភេទ។ «យើងខិតខំផលិត យើងជួយប្រើប្រាស់ ជាតិយើងនឹងរីកចម្រើន!»។

លើសពីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួលបានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។គិតត្រឹមឆ្នាំ២០២៥ ចលនាភូមិមួយផលិតផលមួយ (OVOP) បានទទួលស្គាល់ និងចងក្រងផលិតផលរបស់សហគមន៍​បានសរុបប្រមាណ១ពាន់មុខ៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia