ព័ត៌មាន
កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការបរិច្ចាគឈាមដ៏ធំក្រោមប្រធានបទ «តំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត»
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នេះ កាកបាទក្រហមកម្ពុជា បានរៀបចំកម្មវិធី «ទិវាបរិច្ចាគឈាម» យ៉ាងមហោឡារិក នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីតំណាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម យុវជនកាកបាទក្រហមមកពី សាកលវិទ្យាល័យទាំង២៥ ,យុវជនស្ម័គ្រចិត្ត ,ប្រជាពលរដ្ឋ និងមន្រ្តី មកពីខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ខ្ពស់លើកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ដែលជាឆ្អឹងខ្នងដ៏សំខាន់របស់សហគមន៍។ ការចូលរួមរបស់យុវជននាពេលនេះ គឺឆ្លើយតបទៅនឹងយុទ្ធសាស្ត្រឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងការលើកកម្ពស់សុខភាពសហគមន៍ និងការត្រៀមលក្ខណៈឆ្លើយតបគ្រាអាសន្ន។
លោកជំទាវអគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ឈាម ១ ប្លោក (ប្រហែល ៣៥០-៤៥០ មីលីលីត្រ) អាចជួយសង្គ្រោះជីវិតមនុស្សបានដល់ទៅ ៣ នាក់ តាមរយៈការបំបែកទៅជា ផ្លាស្មា កោសិកាឈាមក្រហម និងប្លាកែត ដើម្បីព្យាបាលអ្នកជំងឺផ្សេងៗគ្នា។ លើសពីនេះ អ្នកបរិច្ចាគឈាមជាប្រចាំ នឹងទទួលបានអត្ថប្រយោជន៍សុខភាពផ្ទាល់ខ្លួនជាច្រើន ដូចជាការកាត់បន្ថយហានិភ័យជំងឺមហារីក ជំងឺបេះដូង និងកាត់បន្ថយភាពតានតឹងក្នុងចិត្ត។
កាកបាទក្រហមកម្ពុជា បានកត់សម្គាល់ឃើញពីការកើនឡើងនៃចំនួនអ្នកបរិច្ចាគឈាមគួរឱ្យកត់សម្គាល់៖ ឆ្នាំ២០២៤៖ បរិច្ចាគបាន ២៥២ ប្លោក, ឆ្នាំ២០២៥៖ បរិច្ចាគបាន ៣៤៩ ប្លោក, ឆ្នាំ២០២៦នេះ មានអ្នកចូលរួម៤០០នាក់ ដោយទទួលបានឈាមសរុបចំនួន២២៧ប្លោក។
កម្មវិធីនេះមិនត្រឹមតែប្រមូលឈាមសម្រាប់ជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាផ្សព្វផ្សាយចំណេះដឹងអំពីវិជ្ជាសង្គ្រោះបឋម (CPR, AED) ការការពារជំងឺឆ្លង និងមិនឆ្លង ដើម្បីកសាងសហគមន៍មួយដែលមានភាពធន់ និងសុខភាពល្អ។
ជាចុងក្រោយ លោកជំទាវ ពុំ ចន្ទីនី បានអំពាវនាវដល់យុវជន និងសាធារណជនដែលមានសុខភាពល្អទាំងអស់ សូមចូលរួមធ្វើជាម្ចាស់ជំនួយឈាមដោយស្ម័គ្រចិត្ត និងទៀងទាត់។ ការបរិច្ចាគឈាមគឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ដែលនាំមកនូវក្តីសង្ឃឹម និងឱកាសរស់រានមានជីវិត ដល់អ្នកជំងឺដែលកំពុងរង់ចាំដោយក្តីស្រេកឃ្លាន៕ អត្ថបទ: សំ ងីម















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣