ព័ត៌មាន
ជិះកង់-រត់ឆ្លងកាត់ឧបសគ្គ អបអរការដាក់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក លើកទី៩ មានអ្នកចុះឈ្មោះជិត ១,២០០នាក់
នៅសល់ពេលជិត ២សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) ខណៈគិតត្រឹមថ្ងៃទី២២ ខែមិថុនា មានអ្នកចុះឈ្មោះចូលរួមសរុបជិត ១,២០០នាក់។
យោងតាមឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡាធំពីរក្នុងពេលតែមួយ ដែលក្រសួង សហការរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវិស័យឯកជន ត្រៀមរៀបចំនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ»។
ក្រឡេកមកចាប់អារម្មណ៍អ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍នេះដែរ គិតត្រឹមដើមសប្ដាហ៍នេះ គឺមានកីឡាករ-កីឡាការិនីចំនួន ៣៧០នាក់ បានចុះឈ្មោះចូលរួមកម្មវិធីជិះកង់ ពីទីរួមខេត្តកំពង់ធំ ទៅប្រាសាទសំបូរព្រៃគុក និងជាង ៨០០នាក់ទៀត បានចុះឈ្មោះរត់ឆ្លងកាត់ឧបសគ្គ លើវិញ្ញាសាទាំង ៣ រួមមានរត់ចម្ងាយ ៩គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ៤២គីឡូម៉ែត្រ។
យ៉ាងណាមិញ គណៈកម្មការនៅបន្ដបើកទទួលការចុះឈ្មោះ រហូតដល់ដំណាច់ខែមិថុនា។ អាស្រ័យហេតុនេះ គណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ-កីឡាការិនី ដែលមានបំណងចង់ចូលរួម រួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលគណៈកម្មការរៀបចំ ពិសេសគឺដើម្បីចូលរួមអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង ព្រមទាំងលើកកម្ពស់សុខភាព មិត្តភាព និងការបំផុសយុទ្ធនាការប្រជាជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។
សម្រាប់កម្មវិធី នៃព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៥ ខែកក្កដាខាងមុខ រួមមាន ការជិះកង់កញ្ចប់ទស្សនកិច្ចចម្ងាយ ៣០គីឡូម៉ែត្រ និងរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤២គីឡូម៉ែត្រ ត្រូវចេញដំណើរពីស្ពានស្ទឹងសែន ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក គ្រាដែលវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ នឹងត្រូវរៀបចំនៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់។ សម្រាប់ការចុះឈ្មោះជិះកង់ និងរត់ចម្ងាយ ៩គីឡូម៉ែត្រមិនតម្រូវឲ្យបង់ថវិកាឡើយ ។ មិនតែប៉ុណ្ណោះ អ្នកចុះឈ្មោះជិះកង់ ១ពាន់នាក់ដំបូង និងអ្នកចុះឈ្មោះរត់ ៩គីឡូម៉ែត្រចំនួន ៣០០នាក់ដំបូង នឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតចំនួន ១ ទៀតផង៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣