Connect with us

ព័ត៌មាន

អត្តពលិកតេក្វាន់ដូ WT ឈ្នះមេដាយ ៣ គ្រឿងពីការប្រកួតជើងឯកតេក្វាន់ដូនិម្មិតអាស៊ាន លើកទី១ នៅម៉ាឡេស៊ី

នាអាកាសយាន្តដ្ឋានអន្តជាតិតេជោកាលពីយប់ថ្ងៃចន្ទ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាបានត្រឡប់មកមាតុភូមិវិញហើយ ក្រោយដណ្តើមបានមេដាយចំនួន ៣ គ្រឿងជូនជាតិ ក្នុងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ “THE 1st ASEAN VIRTUAL TAEKWONDO CHAM PIONSHIPS 2026” ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។

លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ និងប្រតិភូដឹងនាំការប្រកួត បាមឲ្យដឹងថា នេះជាលើកទី១ហើយដែល ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចូលរួមព្រឹត្តិការណ៍នេះ ហើយដណ្តើមបានមេដាយចំនួន ៣ គ្រឿង រួមមានមេដាយប្រាក់ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ។

លោកបន្តថាការចូលរួមប្រកួតជ្រើសរើស ជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ ជាការដកស្រង់បច្ចេកទេស សមត្ថភាព ដើម្បីឆ្ពោះទៅចូលរួមព្រឹត្តិការ ស៊ីហ្គេមលើកទី៣៤ ២០២៧ នៅម៉ាឡេស៊ី ហើយប្រភេទវិញ្ញាសារ តេក្វាន់ដូនិម្មិត (VIRTUAL TAEKWONDO) នេះ ម៉ាឡេស៊ីនឹងដាក់បញ្ចូល ក្នុងប្រភេទកីឡាតេក្វាន់ WT ផងដែរ។

ជាមួយនេះដែរ កីឡាករម្ចាស់មេដាយប្រាក់ ពៅ ឧត្តម បានសម្តែងនូវការសប្បាយចិត្ត ព្រោះថាជាលើកទីមួយរបស់ខ្លួន បានចូលរួមការប្រកួតកម្រិតអាស៊ីអាគ្នេយ៍នេះ ។កីឡាកររូបនេះប្តេជ្ញាថា នឹងខិតខំហ្វឹកហាត់បន្ត ដើម្បីសម្រេចក្តីបំណងរបស់ខ្លួន យកមេដាយមាស ក្នុងការប្រកួតស៊ីហ្គេមលើកទី៣៤ នៅប្រទេសម៉ាឡេស៊ី នាពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូនិម្មិតអាស៊ានលើកទី១ ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មាន៦ប្រទេសចូលរួម ខេមរសហព័ន្ធតេក្វាន់ដូកម្ពុជា បានបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៦ រូប ជាលិទ្ធផលកម្ពុជាទទួលបានមេដាយសរុបចំនួន៣គ្រឿង រួមមានប្រាស់២ និងសំរឹទ្ធ១ ធ្វើបានដោយ កីឡាការិនី លន់ ករុណ និងកីឡាករ ពៅ ឧត្តម ប្រជែងបានមេដាយប្រាក់រៀងៗខ្លួន  ចំណែកមេដាយសំរឹទ្ធិ ធ្វើបានដោយកីឡាការិនី ឈឿង ស្រីអូន។សូមជម្រាបថា ការត្រឡប់មកវិញរបស់អត្តពលិកកម្ពុជាកាលពីយប់មិញនេះ មានការអញ្ជើញទទួលដំណើរស្វាគមន៍ពី លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia