Connect with us

ព័ត៌មាន

២ឆ្នាំ ឆ្លងកាត់ ៣ទ្វីប ៤០ប្រទេស អ្នកជិះកង់កម្ពុជាបានត្រលប់មកដល់ប្រទេសកំណើតដោយសុវត្ថិភាព

ក្រោយធ្វើដំណើរលើចំងាយផ្លូវជិត៦០ ០០០គីឡូម៉ែត្រ យុវជនកម្ពុជា ទីវ តារារិទ្ធិ បានធ្វើដំណើរមកដល់មាតុប្រទេសដោយសុវត្ថិភាព ហើយទទួលបានការស្វាគមន៍ប្រកបដោយក្តីនឹករលឹកពីក្រុមគ្រួសារនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

នេះជាដំណើរផ្សងព្រេងរបស់លោក ទីវ តារារិទ្ធិ ក្នុងការ ជិះកង់ដើម្បីកុមារកម្ពុជា ពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដោយជំនះនូវឧបសគ្គជាច្រើនក្នុងការធ្វើដំណើរ។

ប្រាប់ទូរទស្សន៍ BTV News អ្នកជិះកង់រូបនេះ បានរៀបពីដំណើរផ្សងព្រេងរបស់ខ្លួនទៅកាន់ប្រទេសទាំងនោះ និងបានជួបប្រទេសនូវរឿងរ៉ាវ ជាច្រើនរាប់មិនអស់ រួមទាំងការធ្លាក់ឈឺខ្លួនធ្ងន់ជាដើម។ លើសពីនេះលោកនៅបានផ្សព្វផ្សាយឱ្យគេដឹង និងស្គាល់ពីប្រទេសកម្ពុជាផងដែរ។

លោកបានបន្តថាគោលបំណងនៃដំណើរជិះកង់នេះ គឺដើម្បីស្វែងរកថវិកា២៥ម៉ឺនដុល្លារសម្រាប់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរ ហើយមកដល់ពេលនេះទើបតែទទួលបានថវិកាជិត២២ម៉ឺនដុល្លារប៉ុណ្ណោះ ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តទៀត ពេលដែលលោកធ្វើយុទ្ធនាការជិះកង់ចុងក្រោយពីភ្នំពេញទៅខេត្តសៀមរាប។

សូមរំលឹកថាលោក ទីវ តារារិទ្ធិបានចាប់ផ្ដើមចេញដំណើរចេញពីមន្ទីរពេទ្យកុមារអង្គរ ដែលស្ថិតក្នុងក្រុងសៀមរាប កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ហើយឆ្លងកាត់ ៣ទ្វីប គឺទ្វីបអាស៊ី អឺរ៉ុប និង អាហ្វ្រិក ។ក្នុងបេសកកម្មរយៈពេល២ឆ្នាំនេះ នៅមិនទាន់សម្រេចទំហំថវិកា ដែលជាគោលដៅនោះទេ ពោលនៅខ្វះប្រហែល៣០ ០០០ដុល្លារអាមេរិកទៀត ទើបគ្រប់២៥ម៉ឺនដុល្លារ ហើយលោកបានអំពាវនាវឲ្យមហាជន ជួយគាំទ្រ ដើម្បីថវិកានេះគ្រប់ ហើយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia