Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកកម្ពុជាចំនួន ១៦០លានរៀលជូនមូលនិធិគន្ធបុប្ផា

ភ្នំពេញ៖ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្ដេច​ព្រះសង្ឃ​នាយក​គណៈ​មហា​និកាយ​ និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានយាង និងនិមន្ត​នាំយក​ថវិកា​ប្រមាណ ១៦០លានរៀល (៤ម៉ឺនដុល្លារអាមេរិក) ចូលរួមក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ​យុទ្ធ​នាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីសង្គ្រោះកុមារ ដែលទៅរកសេវាសុខាភិបាល នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា។

ការផ្ដល់ថវិកាចូលរួមសកម្មភាពមនុស្សធម៌នេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុង​ពិធីប្រគល់-ទទួលថវិកាបរិច្ចាគ ពីគណៈសង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​វត្ត​មាន​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា។

លោក​ជំទាវបណ្ឌិត មានប្រសាសន៍ថា ការចូលរួមរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រ​កម្ពុជា​នេះ ​បង្ហាញថា ក្នុងយុទ្ធនាការជួយសង្គ្រោះជីវិរបស់ទារក កុមារ និងស្ត្រីមានផ្ទៃពោះនេះ មិន​មែនតែជាភារកិច្ចរបស់ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺមានន័យថា ពុទ្ធសាសនានៅកម្ពុជា បានដើរ​តួនាទី​យ៉ាង​សំខាន់ និងអនុវត្តត្រូវនឹងពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធ គឺការមាន​មេត្តា​ករុណា​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែល​ជា​ទាន​បរិច្ចាគ​របស់​គណៈសង្ឃនាយកនេះ នឹងចូលរួមជាចំណែក ក្នុងការចំណាយលើការពិនិត្យ ព្យាបាល​ជំងឺរបស់ទារក កុមារ និងសេវាសម្ភព ចំពោះស្ត្រីមានផ្ទៃពោះ ដែលក្នុងមួយឆ្នាំ​ៗ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ត្រូវចំណាយប្រមាណជាង ៤៥លានដុល្លារអាមេរិក។

លោក​ជំទាវបណ្ឌិត បានបន្ថែមថា សម្រាប់ការផ្ដល់សេវាសុខាភិបាល របស់មន្ទីរពេទ្យគន្ធបុប្ផា គឺ​គ្មាន​ការ​រើសអើង មិនថាកូនអ្នកមាន ឬកូនអ្នក្រ ដោយក្រុមវេជ្ជបណ្ឌិត និងគ្រូពេទ្យ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​ និងការថែទាំដូចៗគ្នា ។

ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងនូវអំណរព្រះគុណ ចំពោះ​គណៈ​​សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមថវិកាក្នុងមូលនិធិគន្ធបុប្ផាកម្ពុជា ខណៈ​គណៈសង្ឃនាយក តែងតែមានព្រះសកម្មភាពជាច្រើនទៀត ក្នុងការ​ជួយ​គាំទ្រ​ដល់​កង​ទ័ព​នៅ​ជួរ​មុខ និងប្រជាជនភៀសសឹកជាដើម។

សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង មានព្រះបន្ទួលថា ការងារ​ជួយ​សង្គ្រោះជី​វិត​របស់​មនុស្ស មិនមែនសម្រាប់ពុទ្ធបរិស័ទនោះទេ គឺព្រះសង្ឃក៏មានចំណែកចូលរួមផងដែរ ហើយ​ណា​មួយតាមពុទ្ធវាទ ការជួយសង្គ្រោះមនុស្សមានជំងឺ ប្រៀបដូចជា​ការ​បាន​មើលថែ​ព្រះ​ពុទ្ធអង្គ ដែលមានព្រះរោគាពាធផងដែរ ហើយការជួយសង្គ្រោះមនុស្សនេះ គឺបាន​បុណ្យ​ច្រើន​ណាស់​។

នាវេលា​ឱកាសនោះ ក្នុងនាមជាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​ព្រះ​មហា​សុមេ​ធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង មានព្រះបន្ទួលបញ្ជាក់ថា នឹងបន្តគៀរគរ និងប្រមែ​ប្រមូល​ថវិកា​ តាមវត្តអារាមនានាទូទាំង២៥រាជធានីខេត្ត ក្នុងការចូលរួមបរិច្ចាគថវិកា ក្នុងយុទ្ធនាការ ១ម៉ឺន​រៀល ១ម៉ឺននាក់ ខណៈមូលនិធិគន្ធបុប្ផាកម្ពុជា គឺជាគំនិតផ្ដួច​ផ្ដើម​បង្កើត​ឡើង​ដោយ​សម្ដេច​តេជោ​ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ ទទួលបាន​ថវិកា​ពី​ការ​បរិច្ចាគរបស់សប្បុរសជននានា បានប្រមាណជិត ៦លានដុល្លារអាមេរិក ដោយថវិកា​ទាំង​អស់​នេះ នឹងត្រូវយកទៅទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅ​ខេត្ត​សៀមរាប​៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia