ព័ត៌មាន
រដ្ឋមន្រ្ដីសុខាភិបាលប្ដេជ្ញាដឹកនាំវិស័យសុខាភិបាល «ធានាធ្វើយ៉ាងណាឱ្យគ្រប់ប្រជាពលរដ្ឋមានឱកាសរស់នៅប្រកបដោយភាពធន់ក្នុងដំណើរជីវិត»
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា យើងធានាធ្វើយ៉ាងណាធ្វើឱ្យគ្រប់ប្រជាពលរដ្ឋកម្ពុជា មានឱកាសរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស ភាពធន់ក្នុងដំណើរជីវិត មានសង្ឃឹម រួមទាំងមានសុខុមាលភាពផ្លូវចិត្ត ដើម្បីកសាងគ្រួសារ សង្គមជាតិឱ្យបានរីកចម្រើនរុងរឿងសម្រាប់អនាគត និងអ្នកជំនាន់ក្រោយ។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះនាឱកាសអញ្ជើញក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា សេវាសុខភាពផ្លូវចិត្តមិនមែនជាសេវាបន្ថែម ឬជាសេវាជម្រើសនៃការថែទាំសុខភាពនោះទេ ប៉ុន្តែសេវាសុខភាពផ្លូវចិត្ត គឺជាសេវាស្នូលមួយនៃសេវាសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ។
ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្ដល់សេវាសុខភាពដែលមានភាពរឹងមាំ និងភាពធន់។ មណ្ឌលសុខភាព គឺជាច្រកចូលដំបូងបំផុតរបស់ប្រជាជនក្នុងការទទួលបានសេវាសុខភាព។ សេវាសុខភាពផ្លូវចិត្តត្រូវតែផ្ដោតលើអ្នកជំងឺ ដោយត្រូវគោរពសិទ្ធិសម្រេចចិត្តរបស់អ្នកជំងឺ រក្សាការសម្ងាត់ ការពារឯកជនភាព និងផ្តល់សេវាដោយមិនរើសអើង។
បន្ថែមពី ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ការបម្រើសេវាត្រូវយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍធនធានមនុស្ស សម្រាប់សុខភាពផ្លូវចិត្តនៅតាមមណ្ឌលសុខភាព តាមរយៈការរៀបចំឱ្យមាននិយាមបណ្ដុះបណ្ដាល នៅតាមរាជធានី-ខេត្ត ការគាំទ្របច្ចេកទេស និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីសម្រួចដល់ការកែលម្អគុណភាព ពីព្រោះគុណភាពអាចកើតមាន លុះត្រាតែមានការជួយគាំទ្រ ការតាមដាន និងវាយតម្លៃ និងការហ្វឹកហាត់ជាប្រចាំផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១) ត្រូវខិតខំធ្វើសមាហរណកម្មសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកលឱ្យមានប្រសិទ្ធភាព។
២) ត្រូវពង្រឹងការបម្រើសេវាដោយផ្តោតលើអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈ។
៣) ត្រូវខិតខំបណ្តុះបណ្តាល សេចក្ដីណែនាំគ្លីនិកនៃសំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត ដើម្បីជាឧបករណ៍ និងគ្រូបង្គោលសម្រាប់អភិវឌ្ឍវិជ្ជាជីវៈបន្ត។
៤) ណែនាំឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សហការជាមួយ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងនាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស ដើម្បីរៀបចំនិយាមបណ្ដុះបណ្ដាលសុខភាពផ្លូវចិត្តថ្មីៗថែមទៀត និងសូមអំពាវដល់អង្គការសុខភាពពិភពលោក ពិចារណាគាំទ្រមធ្យោបាយទាំងឡាយ ដល់ការងារដ៏សំខាន់នេះ។
៥) ត្រូវបង្កើតវប្បធម៌នៃការកែលម្អ និងលើកកម្ពស់គុណភាពនៅគ្រប់កម្រិតនៃសេវាសុខភាពផ្លូវចិត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សុខភាពផ្លូវចិត្តជាអាទិភាពរបស់ក្រសួងសុខាភិបាល ជាផ្នែកមួយក្នុងសុខភាពសាធារណៈ។ ដូច្នេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវ ៖ ១) បង្កើនសមត្ថភាព ដោយមានកិច្ចសហការ និងស្វាគមន៍ការចូលរួមរបស់ដៃគូ ២) ត្រូវនាំយកសេវាសុខភាពផ្លូវចិត្តឱ្យកៀរជិតដល់ប្រជាពលរដ្ឋ ៣) កសាងសមត្ថភាពរបស់មន្រ្តី បុគ្គលិករបស់យើងគ្រប់កម្រិត ដូច្នេះសូមឱ្យក្នុងរបត់នៃការប្រើប្រាស់សេវាទាំងចិត្តសាស្រ្ត និងឱសថត្រូវឱ្យបានល្អ។
សាររបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សុខភាពផ្លូវចិត្តសម្រាប់ទាំងអស់គ្នា និងរួមបញ្ចូលសេវានៅគ្រប់មូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាពទាំងចិត្តសាស្រ្ត និងឱសថ ស្របនឹងពាក្យ «មិនមានសុខភាពទេ បើសិនមិនមានសុខភាពផ្លូវចិត្ត (No Health without Mental Health)»។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល ប្រធានមណ្ឌលសុខភាពទាំង២៤រាជធានី-ខេត្ត និង តំណាងអង្គការសុខភាពពិភពលោក ដៃគូអភិវឌ្ឍ១៦១រូប និងប្រព័ន្ធនិមិត្ត (Zoom ៤៤៨រូប) សរុប ៦០៩រូប។
អត្ថបទ រដ្ឋា












-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង