Connect with us

ព័ត៌មាន

ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់

ប្រាសាទក្រវ៉ាន់ គឺជាត្បូងពេជ្រដ៏មានតម្លៃមួយនៃសិល្បៈខ្មែរនាសតវត្សរ៍ទី១០។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ផ្អែកតាមសិលាចារឹកលេខ K-269 ប្រាសាទនេះ ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ៩២១ នៃគ.ស ក្នុងរាជ្យ ព្រះបាទហស៌វរ្ម័នទី១(គ.ស ៩១០-៩២៣) ដោយមន្ត្រីជាន់ខ្ពស់មួយក្រុមដឹកនាំដោយ ស្តែងអញស្រីវីរេន្ទ្រាធិបតីវម៌្ម, ស្តែងអញមហីធរវម៌្ម និងស្តែងអញជ័យវីរវម៌្ម ដើម្បីឧទ្ទិសថ្វាយដល់ព្រះវិស្ណុ (ព្រះនារាយណ៍)ក្នុងព្រហ្មញ្ញសាសនា ក្រោមព្រះនាមជាទីគោរពថា «ស្រីត្រីភូវនេស្វាមិ»និង «ស្រីត្រៃលោក្យនាថ»។

ក្រៅពីប្រវត្តិសាស្ត្រដ៏យូរលង់ ប្រាសាទក្រវ៉ាន់ លេចធ្លោដាច់គេ ដោយសារតម្លៃពិសេសៗចំនួន ៣ យ៉ាង៖ ទី១ គឺតម្លៃស្ថាបត្យកម្មឥដ្ឋនៃក្តីទាំង៥ លើខឿនជួរតែមួយ ដែលខុសប្លែកពីប្រាសាទភ្នំ ឬប្រាសាទដែលមានការរៀបចំជាទម្រង់ប្រាំទិស (បែបផ្កាឈូក) ប្រាសាទក្រវ៉ាន់បង្ហាញពីដួងព្រលឹងស្ថាបត្យកម្មដ៏ប្លែកភ្នែក។ ទី២ គឺស្ថាបត្យកម្មនៃការរៀបជួរក្តីលើបន្តាត់តែមួយ ដែលក្តីឥដ្ឋទាំង៥ ត្រូវបានសាងសង់តម្រៀបគ្នាជាជួរត្រង់ បែរមុខទៅទិសខាងកើត។ ទី៣ គឺក្តីតាំង៥ឈរលើខឿនតែមួយដែលសាងខ្ពស់ធ្វើពីថ្មបាយក្រៀម ដែលជានិមិត្តរូបនៃភាពឯកភាព និងតុល្យភាពយ៉ាងល្អឥតខ្ចោះ។ក្តីកណ្តាលមានទំហំធំជាងគេរីឯក្តីអមសងខាងមានទំហំតូចទៅៗតាមលំដាប់លំដោយ។ ទន្ទឹម នឹងនេះ ចម្លាក់ក្រទ្បោតទាបល្អឯកលើជញ្ជាំងឥដ្ឋខាងក្នុងក្តី ដែលជាទូទៅ ស្ថាបត្យករខ្មែរបុរាណច្រើនឆ្លាក់ចម្លាក់របៀបនេះនៅលើថ្មភក់។ ប៉ុន្តែនៅប្រាសាទក្រវ៉ាន់ ភាពអស្ចារ្យបានស្តែងឡើងតាមរយៈការដាប់ឆ្លាក់ដោយផ្ទាល់នៅលើផ្ទៃឥដ្ឋនៅខាងក្នុងតួក្តី ដែលនេះជាបច្ចេកទេសដ៏កម្រ និងធ្វើឡើងដោយភាពផ្ចិតផ្ចង់បំផុត។ នៅក្នុងក្តីកណ្តាល មានចម្លាក់ធំៗចំនួន៣ផ្ទាំង រៀបរាប់ពីមហិទ្ធិឫទ្ធិរបស់ព្រះវិស្ណុ រួមមាន៖ ព្រះវិស្ណុមានដៃ៤ (ទ្រង់ស័ង្ខ ថាស កង ចក្រ និងដំបង) ព្រះវិស្ណុឈានជើងកាត់ភពទាំងបី (ត្រីវិក្រម) និងព្រះវិស្ណុគង់លើគ្រុឌ។ នៅក្នុងក្តីខាងជើង មានចម្លាក់ដ៏វិសេសវិសាលរបស់ព្រះនាងលក្ស្មី (មហេសីព្រះវិស្ណុ) ដែលបង្ហាញពីភាពទន់ភ្លន់ ល្វតល្វន់ ប៉ុន្តែពោរពេញដោយអំណាចចេស្តា។

លើសពីនេះទៅទៀត ប្រាសាទក្រវ៉ាន់ មានអាថ៌កំបាំងនៃគំនូរពណ៌បុរាណលើឥដ្ឋ ដែលមានអាយុកាលជាង១០០០ពាន់ឆ្នាំ។ នោះគឺជាអ្វីដែលជាដានប្រវត្តិសាស្ត្រដ៏រំភើប និងកម្ររកបាននៃភស្តុតាងនៃគំនូរពណ៌បុរាណ។ នៅលើផ្ទៃចម្លាក់ឥដ្ឋទាំងនោះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាមនៃជ័រឈើ និងល័ក្ខពណ៌ (ដូចជាពណ៌ក្រហម) ដែលបុព្វបុរសបានលាបលម្អពីលើចម្លាក់ឥដ្ឋ។ នេះបញ្ជាក់ថា កាលពីដើមឡើយ ផ្ទៃខាងក្នុងនៃតួក្តីមិនមែនមានត្រឹមតែពណ៌ដីដុតនៃឥដ្ឋនោះទេ ប៉ុន្តែបានតុបតែងដោយពណ៌ស្រស់ឆើតឆាយ បង្កើតបានជាផ្ទាំងទស្សនីយភាពសិល្បៈដ៏រស់រវើក គួរឱ្យស្ងើចសរសើរខ្លាំងណាស់។

ប្រាសាទក្រវ៉ាន់ មិនគ្រាន់តែជាកន្លែងសក្ការបូជាធម្មតានោះទេ ប៉ុន្តែវាជាវិចិត្រសាលសិល្បៈដ៏មហិមាដែលបង្ហាញពីកំពូលជើងកាត់នៃបច្ចេកវិទ្យាដុត និងឆ្លាក់ឥដ្ឋរបស់ខ្មែរ ដែលគ្មានពីរនៅក្នុងប្រវត្តិសាស្ត្រសិល្បៈអាស៊ីអាគ្នេយ៍។ ប្រាសាទក្រវ៉ាន់ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរក៏ត្រូវបានអភិរក្សដោយអាជ្ញាធរជាតិអប្សរា បន្ទាប់ពីអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia