Connect with us

ព័ត៌មាន

ក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម

ក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០ ក្នុងគោលបំណងលើក កម្ពស់បរិយាកាសអំណោយផលប្រកប​ដោយបរិយាបន្ន ដែលអនុញ្ញាត​ឱ្យក្មេងស្រីបានបណ្តុះ និងអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីក្លាយ​ជាមូលធនមនុស្ស និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកនៅក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធី «ភាពជាអ្នក ដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះថា ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី សំដៅលើភាព អង់អាច សមត្ថភាព សកម្មភាព សំឡេង និងឥទ្ធិពល​ ដែល​ក្មេងស្រីមាន នៅក្នុងការដឹកនាំដែលចាប់ផ្តើមពីខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម។ នៅពេលក្មេងស្រីបានបណ្តុះភាពជាអ្នកដឹកនាំកាន់តែច្រើន ពួកគេនឹងមានជំនឿជឿជាក់លើខ្លួនឯង និងមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីប្រឈមមុខដោះស្រាយបញ្ហា និងមានភាពធន់នឹងវិបត្តិផ្សេងៗ ដែលធ្វើឱ្យមានភាពប្រសើរនៅក្នុងដំណើរជីវិតរបស់ ពួកគេ និងចំពោះអ្នកនៅជុំវិញខ្លួន។

លោកជំទាវកិត្តិបណ្ឌិត លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាព​យេន​ឌ័រ និង​ការបង្កើន​ភាព​អង់​អាច​របស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការ​ពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែល មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន​ ដែលក្នុងនោះស្រ្តីគឺជាស្នូល។

ក្នុងពិធីនេះដែរ, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានរំលេចនូវសារគន្លឹះ និងទស្សនទានដ៏មានតម្លៃ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត លោកជំទាវទី១ នៃព្រះរាជាណាចក្រ​​កម្ពុជា​ និងជាអគ្គស្នងការនៃសមា​គម​កាយឫទ្ធិនារីកម្ពុជា ដែលបានថ្លែង នៅក្នុងមហាសន្និ​​​បាត​កាយឫទ្ធិនារីពិភពលោកលើកទី៣៩ ដោយលោកជំទាវបណ្ឌិតបានសង្កត់ធ្ងន់ថា ដើម្បីឱ្យយុវតី និងក្មេងស្រីក្លាយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ជាតិ ពួកគេត្រូវពង្រឹងលក្ខណៈសម្បត្តិគន្លឹះចំនួន៤រួមមាន៖ ១-ត្រូវមានការសិក្សា៖ ដើម្បីក្រេបជញ្ជក់ចំណេះដឹង បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្វើជាធនធានពិតប្រាកដសម្រាប់ជាតិ។ ២-ត្រូវមាន សុខភាពល្អ៖ ល្អទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រោះស្មារតីមាំមួនតែងស្ថិតនៅក្នុងរាងកាយដែលរឹងមាំ។ ៣-ត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌៖ រួមទាំងមេត្តាធម៌ក្នុងការរស់នៅ និងការប្រកបការងារ។ ៤-ត្រូវមានការតបស្នងទៅសង្គម៖ ដោយចូលរួមបម្រើសង្គមជាតិ។

សូមបញ្ជាក់ថា ការរៀបចំតាក់តែងកម្មវិធី «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីឆ្នាំ២០២៦-២០៣០» ក៏កម្មវិធីនេះ អនុវត្តតាមអភិក្រម បរិវត្តកម្មយេនឌ័រ ដើម្បីដោះស្រាយឧបសគ្គ ឫសគល់នៃវិសមភាពយេនឌ័រ ទំនាក់ទំនង​អំណាច និងពង្រឹងភាពអង់អាចរបស់ក្មេងស្រី លើភាពជាអ្នកដឹកនាំរបស់ពួកគេនៅកម្រិតបុគ្គល សហគមន៍ ស្ថាប័ន និងប្រព័ន្ធតាមរយៈសមាសភាគដែលភ្ជាប់គ្នាយ៉ាងស៊ីចង្វាក់ និង បង្កើត​​​​​ជាប្រព័ន្ធអេកូឡួស៊ី ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី​​។ កម្មវិធីនេះផ្តោតលើក្មេងស្រី និង ស្ត្រីវ័យក្មេងអាយុចន្លោះ១០-២៤ឆ្នាំ ដែលជាក្រុមគោលដៅអាទិភាពរួមទាំងក្មេងស្រីជនជាតិភាគតិច ក្មេងស្រីមានពិការភាព យុវជន ដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ ក្មេងស្រីមកពីតំបន់ជនបទដាច់ស្រយាល និងក្មេងស្រីមកពីគ្រួសារ​​ក្រីក្រ ដែលជាញឹកញាប់ បានប្រឈមនឹងភាពងាយរងគ្រោះនិងការរើសអើងគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះកម្មវិធីនេះក៏បានផ្តោតលើក្មេងប្រុស និងបុរសវ័យក្មេង ដើម្បីលើកកម្ពស់បរិវត្តកម្មយេនឌ័រ នៅក្នុងចំណោមក្រុមមនុស្សវ័យក្មេងផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia