Connect with us

ព័ត៌មាន

កម្ពុជា តវ៉ាដាច់អហង្ការចំពោះសកម្មភាពរបស់ក្រុមការងារវាស់វែងដីធ្លីថៃនៅភូមិជោគជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧

រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការ និងយ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ និងដោយមានយានយន្ត៩គ្រឿងអមដំណើរផង ដែលបានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤៦ និង៤៧។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពរបស់ ក្រុមការងារវាស់វែងដីធ្លីថៃមួយក្រុម រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ២៥នាក់ ដែលបានចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅចន្លោះថ្ងៃទី១៨-២២ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនេះ គឺបានរំលោភបំពានយ៉ាងច្បាស់លើមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០០ (MOU-2000) រវាងប្រទេសទាំងពីរស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងផ្ទុយពីបែបបទបច្ចេកទេសឆ្នាំ២០០៣ (TOR 2003) ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ។

សកម្មភាពទាំងនេះក៏ជាការបំពានលើវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់ភារៈកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ។ កម្ពុជាសូមបញ្ជាក់ថា សកម្មភាពទាំងនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ឬជំហររបស់កម្ពុជាទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ជា និងជាឯកតោភាគី ហើយត្រូវបន្ធូរបន្ថយភាពតានតឹង និងលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាមួយប្រទេសជិតខាងទាំងអស់ តាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយប្រើកម្លាំងនោះឡើយ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៦ គណៈកម្មការ JBC ភាគីកម្ពុជាក៏បានផ្ញើកំណត់ទូតជាថ្មីម្តងទៀតដោយស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ នេះជាកំណទ់ទូតថ្មីមួយក្នុងចំណោមកំណត់ទូតជាច្រើនដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ និងស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs) បន្តចុះអនុវត្តការងារលើដីជាក់ស្តែង។ ប៉ុន្តែ ភាគីថៃបានឆ្លើយតបដោយការស្នើលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ទៀតថា ការអូសបន្លាយពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ(JSTs)ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងរបស់ភាគីថៃ គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តល់អាទិភាពខ្ពស់បំផុតដល់គណៈកម្មការ JBC នៃភាគីទាំងពីរក្នុងការបន្តចុះវាស់វែង និងខ័ណ្ឌសីមាព្រំដែនលើដីជាក់ស្តែងឱ្យបានឆាប់បំផុតព្រមទាំងអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញក្នុងពេលឆាប់បំផុតដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia