Connect with us

ព័ត៌មាន

កម្ពុជា កំពុងហែករបាំងសម្រាប់ប្រសិទ្ធភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច

កម្ពុជាកំពុងហែករបាំងសម្រាប់ប្រសិទ្ធភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច តាមរយៈការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាខណៈពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មយ៉ាងលឿនរហ័ស ស្របពេលទំនាក់ទំនងពាណិជ្ជកម្ម បានវិវត្តខ្លួនពីបែបប្រពៃណី ទៅជាឌីជីថលូបនីយកម្ម និងពាណិជ្ជកម្មបៃតង។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំ ការកែទម្រង់ច្បាប់ (គ.ក.ច.) លើកឡើងនៅក្នុងសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៦ថា ការរៀបចំក្រមពាណិជ្ជកម្មនេះ គឺការបោះជំហានថ្មីមួយទៀត ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីរួម គ្នាគិតគូរពី ការរៀបចំ និងបញ្ចូលច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យពាណិជ្ជកម្មទៅជាក្រមពាណិជ្ជកម្មមួយដែលច្បាស់​លាស់ មានសមានគតិភាព និងជួយទ្រទ្រង់ប្រសិទ្ធភាពនិងការលូតលាស់នៃធុរៈកិច្ច ដែលនឹងក្លាយជាចំណែកដ៏សំខាន់មួយ នៃការកសាង បូរណភាព នៃប្រព័ន្ធច្បាប់ ក៏ដូចជានីតិរដ្ឋនៅកម្ពុជា។

​ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ បានបន្តយកចិត្តទុកដាក់លើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ“ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច” របស់រាជ- រដ្ឋាភិបាល ហើយក្នុងទិសដៅពន្លឿនល្បឿននៃការងារកែទម្រង់។ ឯកឧត្ដម បានគូសរំលេចថា ពិភពលោកបច្ចុប្បន្នកំពុងឆ្លងកាត់ការផ្លាស់ ប្តូរទម្រង់នៃការធ្វើពាណិជ្ជកម្មយ៉ាងលឿនរហ័ស ហើយទំនាក់ទំនងពាណិជ្ជកម្មសកល ពហុភាគី តំបន់ និងទ្វេភាគី កំពុងស្ថិតក្នុងស្ថានភាព ។ ជុំវិញបញ្ហាទាំងអស់ខាងលើនេះ គឺជារបាំងដ៏ធំមួយនៃប្រសិទ្ធភាពនិងកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា ទើបក្នុងនាមជា ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ឯកឧត្ដមបានលើកសំណើឡើង និងដាក់ចេញនូវគោលគំនិត ក្នុងការរៀបចំក្រមពាណិជ្ជ កម្ម ជាកិច្ចការស្នូលមួយនៅក្នុងយុទ្ធសាស្ត្រគន្លឹះទាំង៤ នៃក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់ រាជរដ្ឋាភិបាល។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងផងដែរថា កម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ក្នុង នោះការកែទម្រង់ច្បាប់ និងការរៀបចំឱ្យមានក្រមពាណិជ្ជកម្មពិតជាមានសារៈសំខាន់ណាស់ ដើម្បីជំរុញផ្លាស់ប្តូរទម្រង់នៃការធ្វើពាណិជ្ជ កម្ម​​​ឱ្យទាន់ការវិត្តន៍នៃពិភពលោក ហើយតាមរយៈក្រមនេះដែរមិនត្រឹមតែលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ក្រមនេះក៏ជាការ ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនផងដែរ។

ឯកឧត្តមសាស្ត្រចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធាន (គ.ផ.គ.ព.) និងអនុប្រធាន (គ.ក.ច.) ថ្លែងថា ជុំវិញគម្រោងបង្កើត និងសេចក្តីព្រាងនៃក្រមពាណិជ្ជកម្មនេះ គឺជាគម្រោងដ៏ធំសម្បើម និងជាកិច្ចការប្រវត្តិ សាស្ត្រនៃភាពស្មុគស្មាញ។ នេះជាការខិតខំប្រឹងប្រែង ដែលត្រូវការធនធានមនុស្សមានជំនាញខ្ពស់ក្នុងវិស័យច្បាប់ និងពាណិជ្ជកម្ម រួមជា មួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយពេញលេញផងដែរ ដើម្បីជំរុញរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាឱ្យចេញជាផ្លូវការធានាសន្តិសុន្តិសុខគតិយុត្ត និងបង្កើនទំនុកចិត្តដល់ពាណិជ្ជករ និងអ្នកវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia