Connect with us

ព័ត៌មាន

អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវដោះស្រាយរាល់កង្វល់ពលរដ្ឋ ដោយចាត់ទុករាល់កង្វល់ពលរដ្ឋ គឺជាកង្វល់របស់អជ្ញាធរមូលដ្ឋាន

អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងមូលដ្ឋានទាំងអស់រួមមាន សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ ត្រូវដោះស្រាយរាល់កង្វល់ ក៏ដូចជាបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនប្រកប ដោយ តម្លាភាព គណនេយ្យភាព ភាពឆាប់រហ័ស និងគ្មាន ការរើសអើង ដើម្បីទទួលបាននូវក្ដីគោរព ស្រលាញ់ និងភាពកក់ក្ដៅពីប្រជាពលរដ្ឋទូទៅ។

ប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការគ្រប់គ្រងរដ្ឋបាលក្រុង-ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ» ជូនដល់ក្រុមប្រឹក្សាក្រុង-ស្រុក ទូទាំង ខេត្តកណ្ដាល នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលបានអោយដឹងថា៖ សមាជិកក្រុមប្រឹក្សាក្រុង-ស្រុកទាំងអស់ត្រូវយកចំណេះដឹង និងបទពិសោធន៍ដែល ទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យបានខ្ជាប់ខ្ជួនក្នុងការបំពេញតួនាទីភារកិច្ចប្រចាំថ្ងៃ ត្រូវបន្តខិតខំ អភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនជាប្រចាំ ទាំងលើផ្នែកច្បាប់ នីតិវិធី និងភាពជាអ្នកដឹកនាំ ដើម្បីធានា ប្រសិទ្ធភាព ខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ច ការធ្វើសេចក្តីសម្រេចចិត្ត និងការអនុម័តនានា ប្រកបដោយស្មារតីទទួលខុសត្រូវ ត្រូវដើរតួនាទីយ៉ាងសកម្ម ក្នុងការតាមដានត្រួតពិនិត្យ និងជំរុញគណៈអភិបាលក្រុង-ស្រុកឱ្យអនុវត្តការងារ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកប ដោយ តម្លាភាព គណនេយ្យភាព ភាពឆាប់រហ័ស និងគ្មាន ការរើសអើង និតបន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការល្អរវាងក្រុមប្រឹក្សា និងគណៈអភិបាល ធានាថារាល់ការពិភាក្សា ការអនុម័តលើផែនការអភិវឌ្ឍន៍ប្រាំឆ្នាំដែលបានរៀបចំឡើងសម្រាប់ផ្តល់ជាចំណេះដឹង និង ពង្រឹង សមត្ថភាព ជូន ដល់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ទូទាំងខេត្តកណ្ដាលរបស់យើង។ ឯកឧត្ដមបន្ថែមទៀតថា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្ដេជ្ញាចិត្តយ៉ាងមុតស្រួច របស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ បុរេសកម្ម និងស៊ីជម្រៅ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”និងអាទិភាពគន្លឹះ៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”ដោយយកការកែទម្រង់និងការពង្រឹងអភិបាលកិច្ច ជាស្នូលនៃយុទ្ធសាស្ត្រ ជាពិសេសតាមរយៈការជំរុញកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ផ្អែកលើ «កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាល ទី២ (២០២១-២០៣០)»សំដៅពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាព ភាពម្ចាស់ការ និងការទទួល ខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់ សេវាសាធារណៈ ឱ្យកាន់តែខិតជិត ប្រជាពលរដ្ឋប្រកប ដោយ បរិយាប័ន្ន និងសមធម៌សង្គម ចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឱ្យសម្រេចបាននូវ ចក្ខុវិស័យក្លាយ ជាប្រទេសដែល មានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមសង្ឃឹមថា បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម លោកជំទាវ នឹងទទួលបាននូវចំណេះដឹង ថ្មីៗ ដើមី្បយកទៅប្រើប្រាស់ក្នុងការអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និង លើកកម្ពស់ការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួន និង រួមចំណែកក្នុងការសម្រេចគោលដៅ នៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង ។ដោយ៖ សៅ យ៉ាម៉ង់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia