Connect with us

ព័ត៌មាន

អាជ្ញាធររាជធានីភ្នំពេញបន្តរកឃើញបទល្មើស ONLINE SCAMS និងជួញដូរគ្រឿងញៀន

ភ្នំពេញ ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ និងផ្សព្ធផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ១០១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៤១នាក់ (ស្រី ១១៨នាក់) ដោយគ្មានលិខិតឆ្លងដែន ២០នាក់។

នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្នុងចំណោមទីតាំងទាំង ១០១ទីតាំង ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី ស្ថិតនៅបុរីជីបម៉ុង ៥០ម៉ែត្រ ភូមិគ្រឹះលេខ១១ ផ្លូវP០៤ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២៤នាក់ ក្នុងនោះមានជនជាតិចិន ២៣នាក់ និងជនជាតិម៉ាឡេស៊ី ម្នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួនរួមមាន ម៉ូនីទ័រ ២គ្រឿង ធុងCPU ១គ្រឿង កុំព្យូទ័រយួរដៃ ២២គ្រឿង ទូរស័ព្ទ ៦៩១គ្រឿង Router WiFi ១គ្រឿង ដុំបំបែកអ៊ីនធឺណែត (Wireless Access Point) ១០គ្រឿង ដុំសាកទូរស័ព្ទ ១០គ្រឿង និងម៉ាស៊ីន DVR ១គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពបញ្ចុះបញ្ចូលអូសទាញជនរងគ្រោះឱ្យចូលរួមវិនិយោគភាគហ៊ុនតាមប្រព័ន្ធបច្ចេកវិទ្យា និងមានគោលដៅទៅប្រទេសម៉ាឡេស៊ី។

លោកស្រី ដោ សម្ផស្ស បន្តថា ដោយឡែកក្នុងប្រតិបត្តិការនេះដែរ រដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរកឃើញទីតាំងប្រព្រឹត្តបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ១ករណី ស្ថិតនៅខុនដូរ អេចសែនសុខ ជាន់ទី២៥ បន្ទប់A២ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ ព្រមទាំងដកហូតសម្ភាររួមមាន គ្រឿងញៀន ៥កញ្ចប់ និងដបទឹកកែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ៤ដប។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ដែលពាក់ព័ន្ធនឹងបទល្មើសទាំងពីរត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia